ហុងកុង ៖ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTHK បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលហុងកុង អាចពន្យារពេលមួយឆ្នាំនូវការបោះឆ្នោតសម្រាប់អាសនៈក្នុងនីតិកាលរបស់ទីក្រុង ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែកញ្ញា ចំពេលមានការភ័យខ្លាចចំពោះការលេចចេញជាថ្មីនូវករណីឆ្លងកូវីដ១៩។

ការពន្យារពេលនឹងក្លាយជាការខកចិត្តមួយសម្រាប់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់គណបក្សប្រឆាំង ដើម្បីទទួលបានសំឡេងភាគច្រើនជាប្រវត្តិសាស្ត្រនៅក្នុងសន្និបាតទីក្រុង បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខថ្មីមួយ ដែលត្រូវបានការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិចថា កំពុងបំផ្លាញសិទ្ធិរបស់ពលរដ្ឋ។
របាយការណ៍របស់ RTHK បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណ ហើយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

ប្រជាជនប្រមាណ៦០ម៉ឺននាក់ បានបោះឆ្នោតក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការ សម្រាប់ក្រុមប្រឆាំងនៅហុងកុងក្នុងខែនេះ ដោយបញ្ជូនយុវជនវ័យក្មេងដែលមាននិន្នាការប្រឈមមុខកាន់តែច្រើនឡើងៗ ដើម្បីចូលរួមក្នុងការប្រជែងដណ្តើមអំណាចនីតិប្បញ្ញត្តិ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិកម្មរឺហៅថា Legco គឺជាការបោះឆ្នោតលើកដំបូង នៅក្នុងអតីតអាណានិគមអង់គ្លេស ចាប់តាំងពីការណែនាំអំពីច្បាប់សន្តិសុខជាតិ នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័ត។
ហុងកុង បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ប្រហែលជា ៣,០០០ករណី ចាប់តាំងពីខែមករា និងមានអ្នកបាត់បង់ជីវិតច្រើនជាង២០នាក់ ដែលវាទាបជាងទីក្រុងធំៗ ផ្សេងទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែរដ្ឋាភិបាលបានព្រមានអំពីការកើនឡើងនៃការឆ្លងថ្មី នៅក្នុងសហគមន៍ និងបានហាមឃាត់ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននិងការជួបជុំជាក្រុមលើសពីពីរនាក់៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ