រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថាការចូលរួមដោះស្រាយស្ថានការណ៍លំបាកនានា គឺដើម្បីខ្មែរតែមួយ ។ នេះបើតាមមនុស្សជំនិតលោក ។

លោក មុត ចន្ថាមនុស្សជំនិត និងជានាយកខុន្ទកាល័យបានសរសេរលើកបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា បញ្ហាសុខភាព និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្នុងស្ថានភាពកូវីដ-១៩ នេះ គឺជាក្តីកង្វល់បំផុតរបស់លោក ប្រធាន កឹម សុខា ។
លោក កឹម សុខា បន្តថា ទោះស្ថិតក្នុងស្ថានភាព និងលទ្ធភាពបែបណាលោកតែងតែចូល រួមការពារ និងបម្រើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរតាមរយៈការអំពាវនាវដល់ប្រទេសជាមិត្តប្រជាធិបតេយ្យរបស់កម្ពុជាជួយដល់ប្រទេស និងប្រជាពលរដ្ឋខ្មែរជាពិសេសក្នុងការឆ្លើយតបចំពោះជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ។

លោកមុត ចន្ថាបានបន្តថា តាមរយៈទំនាក់ទំនងអន្តរជាតិលោក កឹម សុខា បានថ្លែងនូវអំគុណចំពោះប្រជាពលរដ្ឋ និងបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបទាំងអស់ និងប្រទេសជាមិត្តដែលបាន និងកំពុងជួយដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មក ។

លោកបញ្ជាក់ថា ៖«ខ្ញុំក៏បានសំណូមពរដល់សហភាពអឺរ៉ុបក៏ដូចជា ប្រទេសជាសមាជិក សូមឲ្យជួយដល់ប្រជាពលដ្ឋខ្មែរបន្តរទៀត ជាពិសេសបញ្ហា ដែលប្រឈមចំពោះជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។
លោកមានជំនឿ និងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងសហភាពអឺរ៉ុប រួមគ្នាដោះស្រាយនូវអ្វីដែលការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងការងារដែលអាចនឹងកើតមានជាពិសេសការស្តាឡើងវិញនៅក្រាយវិបត្តិកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ