រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់ក្នុងចំណោមសមាជិកគ្រួសារបីនៃសមាជិក១០នាក់ដែលបានរស់រានមានជីវិតពីការកាប់សម្លាប់នៅគុកក្រាំងតាចាន់ ដោយរបបអាវខ្មៅខោខ្មៅខ្មែរក្រហមលោក មាស សុខា អាយុ៥៤ឆ្នាំ បានរៀបរាប់ផ្តល់សក្ខីកម្មប្រាប់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ថា នៅក្នុងបរិវេណគុកក្រាំងតាចាន់ខេត្តតាកែវគឺជាកន្លែងឃាតកម្មមួយយ៉ាងសាហាវសម្លាប់មនុស្សគ្មានរើសមុខ ។ ក្រុមកុម្មុយនិស្តខោអាវខ្មៅខ្មែរក្រហមបានសម្លាប់ផ្តាច់ផ្តិលជីវិតឱពុកម្តាយនិងទារកតាមគោលការណ៍របស់ខ្មែរក្រហមដែលថាជីកស្មៅត្រូវជីកទាំងឫស ។
យោងតាមឯកសារបង្ហាញថាមានមនុស្សចំនួនជាង១៥.០០០នាក់ត្រូវគេដឹងថាបានទទួលរងការធ្វើទារុណកម្មជំរិតយកចម្លើយហើយបន្ទាប់មកត្រូវសម្លាប់ចោលនៅទីនេះ ។ លោក មាស សុខា អតីតអ្នកទោសម្នាក់ដែលមានជីវិតថ្លៃបានរួចផុតពីការសម្លាប់នៅក្នុងគុកក្រាំងតាចាន់ ស្រុកត្រាំកក់ ខេត្តតាកែវ បានផ្តល់សក្ខីកម្មបន្ថែមនៅថ្ងៃព្រហស្បតិ៍ទី២២ ខែមករា ឆ្នាំបន្ថែមថា ពួកខ្មែរក្រហមបានសម្លាប់មនុស្សដោយមិនរើសមុខក្រោយបទចោទតែមួយមាត់ថា “ខ្លាំង” ត្រូវស្លាប់ក្នុងមន្ទីរឃុំឃាំងនេះ។ សាក្សីរួបនេះ បញ្ជាក់នៅក្នុងការកាត់ទោសសំណុំរឿង០០២ វគ្គទី២ ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន ថាលោកបានឃើញផ្ទាល់នឹងភ្នែក ថាក្រុមឃាតកររបស់ខ្មែរក្រហមបានចាប់ទារកបោកសម្លាប់ទៅនឹងគល់ឈើក្រោយពីសម្លាប់ម្តាយរបស់ទារក ។ លោក មាស សុខា លើកឡើងថាកន្លែងឃ្វាលក្របីនៅជិតទីស្នាក់ការនៃការធ្វើឃាតកម្ម ។ ពេលនោះលោកឮក្មេងយំ ហើយលោកក្រឡេកឃើញពួកខ្មែរក្រហមបោកក្មេង នឹងគល់ឈើទាលហើយគេបោះចូលក្នុងរណ្តៅ ។កាលណាគេសម្លាប់ម្តាយគឺសម្លាប់កូនហើយហើយគេមិនទុកទេកូននិងម្តាយគឺ “ ជីកស្មៅជីកទាំងឫស » ។
លោក មាស សុខា បានប្រាប់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមថាមន្ទីរសន្តិសុខក្រាំងតាចាន់ ជាកន្លែងសម្រាប់ឃុំឃាំងអ្នកទោសផងនិងជាទីកន្លែងដែលត្រូវយកមនុស្សដែលត្រូវចោទប្រកាន់ជាខ្មាំងរបស់អង្គការរបស់ពួកខ្មែរក្រហមយកមកសម្លាប់ផង ។ សមាជិកគ្រួសាររបស់លោកសរុបជាងដប់នាក់ត្រូវបានសម្លាប់នៅទីនេះ ។ រូបលោក ម្តាយរបស់លោកនិងបងស្រីរបស់លោកគឺជាមនុស្សតែបីនាក់គត់ដែលមានសំណាងនៅរស់រានមានជីវិត ។
ព័ត៌មានលម្អិតនឹងមានផ្សាយលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ