ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ពី​កម្មករ​​កាត់ដេរ និង​ចំណាក​ស្រុក​ ​មក​ចាប់​របរ​ចិញ្ចឹម​មាន់​ស្រែ​ជោគ​ជ័យ​​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជ្រើសរើស​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​ទោះបី​គេ​មិនសូវ​ឱ្យ​តម្លៃ​តែ​វា​ជា​ការងារ ដ៏​ល្អ​មួយ​ដែល​មិន​ចាំបាច់​លាដៃ​សុំ​លុយ​គេ​ចាយ និង​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ។ នេះ​បើ តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​អ្នកស្រី ខេ​ង បូ​រ៉េ​ន…

រាជធានី​ភ្នំពេញ ៖ ជ្រើសរើស​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​ទោះបី​គេ​មិនសូវ​ឱ្យ​តម្លៃ​តែ​វា​ជា​ការងារ ដ៏​ល្អ​មួយ​ដែល​មិន​ចាំបាច់​លាដៃ​សុំ​លុយ​គេ​ចាយ និង​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ។ នេះ​បើ តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​អ្នកស្រី ខេ​ង បូ​រ៉េ​ន ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ និង​ភ្ញាស់ កូន​មាន់ ដែល​មាន​ទីលំនៅ​ភូមិ​វែង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

អ្នកស្រី ខេ​ង បូ​រ៉េ​ន ដែល​ស្ថិត​ក្នុង​វ័យ ៣៤​ឆ្នាំ​បាន​ប្រាប់ «​កោះសន្តិភាព​» ឱ្យ​ដឹង​ទៀត​ថា ៖ មុខ​របរ​​ចិញ្ចឹម​មាន់ ទោះជា​មិន​ទាន់​មានចំណេះ​ជំនាញ​ច្បាស់លាស់ ក៏​មិនជា​បញ្ហា​ចោទ​នោះ ទេ ។ អ្វី​ដែល​សំខាន់​មុន​មានចំណេះ​ជំនាញ​ទៅ​ទៀត​នោះ គឺ​ចិត្ត និង​បេះដូង ។ អ្នកស្រី​បាន ចោទ​ជា​សំណួរ​ថា ការ​ចិញ្ចឹម​មាន់​យើង​ធ្វើ​តាម​អារម្មណ៍ ឃើញ​គេ​ជោគជ័យ​ធ្វើ​តាម​គេ ឬ​យក បេះដូង​មក​ធ្វើ ? បើ​ធ្វើ​តាម​អារម្មណ៍ ឬ​ធ្វើ​តាម​គេ ថ្ងៃ​ណាមួយ​អ្នក​នឹង​ជិនណាយ ជួប​ឧបសគ្គ បន្តិចបន្តួច អ្នក​នឹង​អស់ចិត្ត អស់​អារម្មណ៍ ។ តែបើ​ធ្វើ​តាម​បេះដូង អ្នក​ប្រាកដជា​ជោគជ័យ ពីព្រោះ​អ្នកដឹង​ថា បេះដូង​អ្នក​ចង់បាន​អ្វី ដើម្បី​បាន​វា​អ្នក​នឹង​ខិតខំ​រៀនសូត្រ ស្រាវជ្រាវ ស្រូប យកចំណេះ​ជំនាញ​ដែល​អ្នក​ខ្វះខាត ដើម្បី​សម្រេច​បំណង បំពេញតម្រូវការ​បេះដូង​របស់​អ្នក ។

ចំពោះ​អ្នកស្រី​ផ្ទាល់​កាល​ដើម​ឡើយ​ជា​កម្មករ​រោងចក្រ​កាត់ដេរ រីឯ​ប្តី​ជា​អ្នក​រត់​ម៉ូតូឌុប មុខរបរ​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួ​សារបាន​ធូរធា​នោះ​ទេ គឺ​កាន់តែ​យ៉ាប់​យឺន​ទៅ​ៗ ស្រប​ពេល​អ្នកស្រី​មានកូន​ដំបូង​ទៀត ។ អ្នកស្រី បូ​រ៉េ​ន បាន​ចាប់​យកមុខ​របរ​លក់​អុស​មួយ ទៀត​នៅ​តែ​មិន​អាច​ជួយ​សម្រួល ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​បាន​ឡើយ​ស្រប​ពេល​អុស​កាន់ តែ​ខ្សត់​ទៅ​ៗ ។
នៅ​ឆ្នាំ ២០០៩​អ្នកស្រី​ក៏​សម្រេចចិត្ត​ជាមួយ​ប្តី​ទៅ​ខ្ជី​លុយ​គេ​មួយ​ចំនួន​យក​មក​ទិញ​មាន់ ២០០​ក្បាល​ចិញ្ចឹម​យក​សាច់​លក់ និង​រស់នៅ​ក្នុង​ខ្ទម​ដ៏​កម្សត់​មួយ​នៅ​ភូមិ​វែង សង្កាត់​ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូត​ដល់​សព្វថ្ងៃ ។

នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ចិញ្ចឹម​មាន់​ស្រែ​យក សាច់​លក់​នេះ​អ្នកស្រី​ជួប​ផលវិបាក​យ៉ាងច្រើន​សឹងតែ​មាន​ពេល​ខ្លះ​អ្នកស្រី និង​ប្តី​ចង់​បោះបង់ ការ​ចិញ្ចឹម​មាន់​នេះ ដោយសារ​គាត់​គ្មាន​ជំនាញ​សោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​មុន​មានចំណេះ​ជំ នា​ញ​ទៅ​ទៀត គឺ​ចិត្ត និង​បេះដូង​ទើប​គាត់​ទទួល​បាន​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន ។

អ្នកស្រី ខេ​ង បូ​រ៉េ​ន ដែល​កំពុង​តែ​ឱ្យ​ចំណី​មាន់បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន​អ្នកស្រី និង​ប្តី ទទួល​បាន​ជោគជ័យ​ក្នុង​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​យក​សាច់ និង​ភ្ញាស់​កូន​មាន់​ស្រែ​លក់​ព្រម ទាំង​បន្ថែម​មុខ​របរ​មួយទៀត គឺ​លក់​ចំណី​សត្វ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី​បាន​ពង្រីក​ទី តាំង​ចិញ្ចឹម​មាន់ និង​ភ្ញាស់​យ៉ាង​ទូលំទូលាយ​មិន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ឡើយ ដោយ មាន​មាន់​ស្រែ​ទាំង​មេ​ទាំង​ឈ្មោល​រាប់រយ​ក្បាល និង​កូន​មាន់​ស្រែ​រាប់​ពាន់​ក្បាល​ផង​ដែរ ។

ក្នុង​មួយ​ឆ្នាំ​អ្នកស្រី​រក​ចំណូល​បាន​មិន​ក្រោម​មួយ​ម៉ឺន​ដុល្លារ​នោះ​ទេ ការ​កើន​ចំណូល នេះ​ក៏​ដោយ​សារ​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​របស់​អ្នកស្រី​មិន​ដែល​ជួប​ហានិភ័យ​ម្តងណា​ឡើយ ទោះជា​បច្ចុប្បន្ន​មាន​កើត​ជំងឺ​កូ​វី​ដ ១៩ ក្តី ។ ម្យ៉ាង​អ្នកស្រី​ក៏​មានបទពិសោធន៍​ច្រើន​ក្នុង​វិធាន ការ​ការពារ​ជំងឺ​មាន់​ផ្សេង​ៗ​ផង​ដែរ ។

ដោយឡែក​លោក ចាន់ សា​មីន រស់នៅ​ភូមិ​ស្អាង​ភ្នំ ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល ដែល​ពី​មុន​បាន​ធ្វើ​ចំណាកស្រុក​ឥឡូវ​បាន​ចាប់​យកមុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​ផង​ដែរ ដែល​លោក បានឱ្យ​ដឹង​ថា ៖ កាល​ដើម​ឡើយ​គាត់​តែងតែ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ តែ​ការ​ធ្វើ​ចំណាក ស្រុក​នេះ​មិន​បាន​ជួយ​ឱ្យ​ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធា​នោះ​ទេ​មាន​តែ​យ៉ាប់​ទៅ​ៗ ។ ឃើញ ដូច្នេះ​គាត់​សម្រេចចិត្ត​ចាប់​យកមុខ​របរ​ចិញ្ចឹម​មាន់​ស្រែ​ជា​លក្ខណៈ​គ្រួសារ ហើយ​ក្រោយមក ដោយសារ​មានការ​ជួយ​ចង្អុលបង្ហាញ​បច្ចេកទេស​ការ​ចិញ្ចឹម​មាន់​ពី​មិត្ត​ភ័ក្ត្រ​គាត់​ក៏​កែប្រែ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​យក​សាច់​លក់​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក​ហើយ ដែល​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​រីក​ចម្រើន​រហូត​អាច​ឱ្យ​កូនប្រុស​ស្រី​រៀន​ដល់​ថ្នាក់អនុបណ្ឌិត​ថែម​ទៀត​ផង ។

លោក សា​មីន បាន​បញ្ជាក់​ថា ៖ ការ​ចិញ្ចឹម​មាន់ស្រុក ផ្តល់​ប្រភព​ចំណូល​បន្ថែម​ជា ប្រចាំ​ដល់​គ្រួសារ ដោយ​ចំណាយពេល​ទំនេរ និង​ធនធាន​មួយ​ចំនួន​ប៉ុណ្ណោះ ។ ទិញ​កូន​មាន់ ស្រុក​ពី​កន្លែង​ភ្ញាស់​ដែល​បាន​គ្រប់គ្រង​តាម​បច្ចេកទេស​ត្រឹមត្រូវ អាច​ជួយ​មិន​ឱ្យ​មាន់​មាន​ជំងឺ កាច​សាហាវ​នានា ។ ពូជ​មាន់​ក្នុងស្រុក​ពេញ​និយម​ពី​អ្នក​ទទួលទាន មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ងាយស្រួល​លក់ និង​មាន​តម្លៃ​ថ្លៃ ។

តាម​រយៈ​បច្ចេកទេស​ចិញ្ចឹម កូន​មាន់ស្រុក ១​ក្បាល (​អាយុ ២១​ថ្ងៃ​) ចិញ្ចឹម​ក្នុង​រយៈពេល តែ ៨៥​ថ្ងៃ​អាច​ទទួល​បាន​ទម្ងន់​ជា​មធ្យម ១,២​គីឡូក្រាម ។ តាម បទ​ពិសោធន៍​កន្លង​មក​កសិករ ចិញ្ចឹម​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ក្នុង ១​គីឡូក្រាម​មាន់​រស់ ជា​មធ្យម​ពី​តម្លៃ​ពី ៦០០០ ទៅ ៧០០០​រៀល ។ ប្រាក់​ចំណូល​សរុប​នឹង​កើនឡើង​បើ កសិករ​ចិញ្ចឹម​កូន​មាន់ស្រុក បំប៉ន​យក សាច់​កាន់តែ​ច្រើន ។

តើ​កូន​មាន់ពូជ​ក្នុងស្រុក​តាម​កសិដ្ឋាន​ភ្ញាស់​មានគុណ​សម្បត្តិ​អ្វីខ្លះ សម្រាប់​យក​ទៅ ចិញ្ចឹម​បំប៉ន​លក់ ? គឺ​កូន​មាន់​មាន​សុខភាព​ល្អ និង​លូតលាស់​លឿន​, មាន​អាយុ​ពី ២១ ដល់ ៣០​ថ្ងៃ និង​មាន​ទម្ងន់​សម​ស្រប​សម្រាប់​ចិញ្ចឹម​, មាន់ស្រុក​ពេញ​និយម​ពី​អ្នក​បរិភោគ (​ងាយ ស្រួល​លក់​), ចិញ្ចឹម​មិន​ងាយ​ឈឺ ដោយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ ២-៣ មុខ​រួច​ជា​ស្រេច (​ជំងឺ​ញ៉ា​វ​កាស កំ​បូ​រ៍ និង អុត ) ។

អ្នក​ចិញ្ចឹម​ត្រូវ​ចាក់​បន្ថែម​វ៉ាក់សាំង​ជំងឺ​អាសន្នរោគ​នៅ​ពេល​មាន់​អាយុ​បាន ២​ខែ ។ តើ ចិញ្ចឹម​មាន់​សាច់​ដូច​ម្តេច​ឱ្យ​ទទួល​បាន​ជោគជ័យ ? គឺ​ការ​សង់​ទ្រុង​គំរូ​ចិញ្ចឹម​បំប៉ន​កូន​មាន់ សាច់​, ធ្វើ​ទ្រុង​លើ​ដី​មិន​លិច​ទឹក និង​មាន​ខ្យល់​ចេញចូល​ល្អ​, ជញ្ជាំង​រោង​ដេក​យប់​ព័ទ្ធ​ដោយ រនាបឫស្សី​, បាំង​សំណាញ់​ចេញ​ក្រៅ​ចំងាយ​ពី ៣ ទៅ ៤​ម៉ែត្រ និង​ចែក ខណ្ឌ​ជា​បន្ទប់​ៗ សម្រាប់​មាន់​ដើរ​ខាងក្រៅ និង​ហាលថ្ងៃ​, ខាងក្នុង​មាន​ធ្នើរ​សម្រាប់​មាន់​ដេក ដែល​មាន​កម្ពស់ ពី​ដី ០,៧​ម៉ែត្រ និង​បន្ទា​ទ​ទទឹង​ធ្នើ​ប្រវែង ០,៧​ម៉ែត្រ​, ក្នុង​ផ្ទៃដី ១​ម៉ែត្រការ៉េ (​កន្លែងដេក​យប់​) អាច​ដាក់​មាន់បាន​ពី ៧ ទៅ ៨​ក្បាល ។

លោក ចាន់ សាមី ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​គាត់​ចិញ្ចឹម​មាន់​ស្រែ​ជិត​មួយ​ម៉ឺន​ក្បាល​ទាំង ញី​ទាំង​ឈ្មោល​ក្នុង​មួយ​ថ្ងៃ​ម៉ូយ​មក​ពី​បណ្តាល​ស្រុក​នានា​ទិញ​ម្នាក់​ៗ​ពី ៣០ ទៅ ៤០​ក្បាល​យក ទៅ​លក់​បន្ត​ហើយ​ក្នុង​មួយ​ខែ​គាត់​រក​ចំណូល​បាន​ប្រហែល​ពី ១០០០ ទៅ ១៥០០​ដុល្លារ ។

ការ​ចិញ្ចឹម​មាន់​ស្រែ​យក​សាច់​លក់​នេះ​មិនមែន​ងាយ​នោះ​ទេ​គាត់​ធ្លាប់​ជួប​ហានិភ័យ​ចំនួន​ពីរ​លើក​មក​ហើយ ។ គាត់​បាន​ខិតខំ​រៀនសូត្រ ស្រាវជ្រាវ​យកចំណេះ​ជំនាញ​ដែល​ខ្វះខាត ដើម្បី​សម្រេច​បំណង ដើម្បី​បំពេញតម្រូវការ​បេះដូង​របស់​គាត់​រហូត​ទទួល​ជោគជ័យ ។

លោក សាមី បាន​រំឭក​ថា ដើម្បី​កុំឱ្យ​មាន់​កើត​ជំងឺ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មុន​ពេល​សត្វ​ឈឺ​, ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​មាន់​ទាំងអស់ និង​ទៀងទាត់​, មាន់ ១​ក្បាល ត្រូវ​ផ្តល់​វ៉ាក់សាំង​ការ ពារ​យ៉ាងតិច​បំផុត​ឱ្យ​បាន ៤​មុខ (​ជំងឺ​ញៀ​វ​កាស កំ​បូ​រ៉ូ អុត​មាន់ និង​អាសន្នរោគ​) និង​ត្រូវ​ផ្តល់ ថ្នាំ​ទម្លាក់​ព្រូន​រៀង​រាល់ ៣​ខែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ