ហុងកុង ៖ ប៉ូលិសនៅក្នុងទីក្រុងហុងកុងបានចាប់ខ្លួនសកម្មជននិស្សិត ៤ រូបដែលជាសមាជិកនៃក្រុមបាតុករដែលជាក្រុមគាំទ្រឯករាជ្យភាពពីបទរំលោភសេពសន្ធវៈលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្ថិតក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ចុះថ្ងៃទី៣០ កក្កដានេះ ។

ការចាប់ខ្លួននេះ គឺជាការចាប់ខ្លួនមួយក្នុងចំណោមការចាប់ខ្លួនលើកដំបូងគេបង្អស់ចាប់តាំងពីច្បាប់ថ្មីត្រូវបានចិនដាក់ឲ្យអនុវត្តនៅហុងកុង កាលពីថ្ងៃទី១ ខែកក្កដា ដែលច្បាប់នេះបានចែងប្រឆាំង និងដាក់ទោសដល់សកម្មភាពណាមានលក្ខណៈវិទ្ធង្សនា ឧក្រិដ្ឋកម្ម ភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេសផងដែរ ។
ប៉ូលិសបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនមានប្រុស៣ នាក់ និងស្រីម្នាក់ ដែលមានអាយុចន្លោះពី១៦ ទៅ២១ឆ្នាំ ។ ទោះបីជាប៉ូលិសបដិសេធមិនប្រាប់ឈ្មោះក្រុម ឬអ្នកដែលត្រូវចាប់ខ្លួនក៏ដោយ តែក្រុមនយោបាយមានឈ្មោះថា ចលនានិស្សិតនិយម (Studentlocalism) បាននិយាយនៅលើហ្វេសប៊ុកថា សមាជិករបស់ខ្លួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ដោយបានបញ្ចេញឈ្មោះថា ម្នាក់ដែលត្រូវចាប់ខ្លួននោះ គឺជាអតីតមេដឹកនាំឈ្មោះ លោក Tony Chung ។

សូមបញ្ជាក់ថា ចលនានិស្សិតនិយម (Studentlocalism) គឺជាក្រុមមួយក្នុងចំណោមក្រុមនយោបាយជាច្រើននៅហុងកុង ដែលបានប្រកាសថា ខ្លួននឹងបញ្ចប់ប្រតិបត្តិការនៅក្នុងទីក្រុងនេះដោយសារតែច្បាប់សន្តិសុខថ្មី តែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមទាំងនោះមិនបានលុបព័ត៌មាននៃការធ្វើចលនារបស់ខ្លួនលើទំព័របណ្តាញសង្គមរបស់ខ្លួន ហើយនិយាយថា សកម្មជននៅបរទេសនឹងបន្តការងាររបស់ពួកគេ ។
នៅក្នុងសន្និសីទកាសែតមួយ កាលពីល្ងាចថ្ងៃពុធ អ្នកនាំពាក្យប៉ូលិសលោក លី ក្វាយវ៉ា (Lee Kwai-wah) បាននិយាយថា អង្គការ ឬក្រុមដែលត្រូវចាប់ខ្លួននេះបានផ្សព្វផ្សាយអំពីការបង្កើតគណបក្សថ្មីមួយដែលតស៊ូមតិ ដើម្បីទាមទារឯករាជ្យភាពហុងកុងនៅលើបណ្តាញសង្គម ។លោកលី បានបន្ថែមទៀតថា «យើងត្រូវតែអនុវត្តច្បាប់ ទោះបីជាបទឧក្រិដ្ឋត្រូវបានប្រព្រឹត្តិនៅលើអ៊ីនធឺណិតក៏ដោយ ។
សូមកុំគិតថា អ្នកអាចរួចផុតពីការទទួលខុសត្រូវ អំពីការប្រព្រឹត្តក្នុងពិភពអ៉ីនធឺណែត និងប្រព្រឹត្តឧក្រិដ្ឋកម្ម» ។
ប៉ូលិសបាននិយាយថា ពួកគេទាំង ៤នាក់ ត្រូវបានចោទប្រកាន់តាមមាត្រា ២០ និង២១ នៃច្បាប់សន្តិសុខដែលទាក់ទងនឹងការបំបែករដ្ឋ ។ តាមច្បាប់បទល្មើសអបគមន៍នៃ «ទោសធម្មជាតិធ្ងន់ធ្ងរ» អាចបណ្តាលឱ្យមានការជាប់ពន្ធនាគារយ៉ាងតិច ១០ឆ្នាំ និងរហូតដល់ជាប់ពន្ធនាគារពេញមួយជីវិត ខណៈដែលបទល្មើសតិចតូច គឺត្រូវអនុវត្តទោសពី ៣ ទៅ១០ ឆ្នាំ ។
សូមរម្លឹកថា កាលពីថ្ងៃអាទិត្យក្រុមនេះបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ប្រឆាំងជាតិនិយមចិន! កសាងជាតិនិយមហុងកុង» ដែលភ្ជាប់ទៅនឹងទំព័រហ្វេសប៊ុក និងទំរង់ជ្រើសរើសសំរាប់កងពលតូចនិស្សិតហុងកុងសហរដ្ឋអាមេរិក ។ ទំព័រអាមេរិករបស់ក្រុមនេះនិយាយថា ខ្លួនប្តេជ្ញាជំរុញឱ្យប្រជាជនហុងកុងទទួលបានសិទ្ធិក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន និងជំរុញឆ្ពោះទៅរកឯករាជ្យភាពសម្រាប់ហុងកុង ។
រដ្ឋាភិបាលហុងកុងបានការពារច្បាប់នេះ ជាការចាំបាច់ ដើម្បីការពារសន្តិសុខជាតិហើយបានសន្យាថា វានឹងប៉ះពាល់ដល់មនុស្សមួយចំនួនតូចប៉ុណ្ណោះ ។ រហូតមកដល់ថ្ងៃពុធនេះ ប៉ូលិសបានធ្វើការចាប់ខ្លួនប្រហែល ១០ នាក់ក្រោមច្បាប់ថ្មីហើយបានចោទប្រកាន់មនុស្សម្នាក់ពីបទល្មើស ៕
ចែករំលែកព័តមាននេះ