រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាតារាសម្តែងភាពយន្តម្នាក់បានបើករថយន្តក្នុងល្បឿនលឿន រួចក៏ជ្រុលរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង11យប់ ថ្ងៃទី29 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវ2002 នៅចំណុចក្រោយផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ជាតារាសម្តែងភាពយន្តមួយរូបមានឈ្មោះ លឹម ជាឡាយ បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខកណ្តាល 2B0018 តាមបណ្តោយផ្លូវ2002 ក្នុងទិសដៅពីកើតទៅលិច ។

សាក្សីខាងលើបន្តថា ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែម្ចាស់រថយន្តស្រវឹងស្រា ហើយងោកមួយភាំងទៀត ទើបបណ្តាលឱ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងតែម្តងធ្វើឱ្យរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខនេះ តែសំណាងល្អហើយដែលមិនបង្កឱ្យគ្រោះថ្នាក់ទៅដល់អ្នកដទៃ គ្រាន់តែខូចខាតសម្ភារៈខ្លួនឯងតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តរបស់តារាសម្តែងភាពយន្តរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ