ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឱ្យ​ព្រះរាជអាជ្ញា ខិតខំ​ដោះស្រាយ​ព​ន្លឿ​ន​សំណុំរឿង​ដែល​កកស្ទះ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌…

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា​ដែល​ត្រូវ​តែងតាំង​ថ្មី​នា​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០២០ នៅ​សាល​ប្រជុំ​សាលាដំបូង​ខេត្តកំពង់ចាម ត្រូវ​តែ​ខិតខំ​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង ដែល​កកស្ទះ​នៅ​សេសសល់ ត្រូវ​បន្ត​បើក​សវនាការ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ឲ្យ​នៅ​មាន​ចំនួន​តិចតួច ព្រមទាំង​មានការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។

ហើយ​តាម​រយៈ​សាលាឧទ្ធរណ៍​តំបន់ និង​កាន់តែ​ជួយ​កាត់​បន្ថយ​សំណុំរឿង​ដែល​ក៏​ស្ទះ​បាន​មួយ​កម្រិត​ធំ​។ ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ត្រូវ​បាន​តែងតាំង​ថ្មី​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ក្នុង​នោះ​រួម​មាន ខិតខំ​អនុវត្ត និង​គោរព​ឲ្យ​បាន​នូវ​រដ្ឋធម្មនុញ្ញ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​។ គោរព​គាំទ្រ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ទៀងទាត់​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិសេស​ត្រូវ​ចូលរួម​ចំណែក​ឲ្យ​កាន់តែ​សកម្ម​ក្នុង​កំណែទម្រង់​ច្បាប់ និង​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្ដេច​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម ច្រឹង ខ្មៅ ត្រូវ​បាន​មក​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​រយៈពេល ចំនួន​៤​ខែ ជាមួយ​នោះ​ក៏​បាន​រួម​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​ខេត្តកំពង់ចាម ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ហើយ​បន្ទាប់​មក​ត្រូវ​បាន ក្រសួងយុត្តិធម៌​ផ្លាស់​ទៅ​កាន់​តំណែង​ថ្មី​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដែល​ជំនួស​ដោយ​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ត្រូវ​បាន​មក​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ចាម​។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ លើ​ការងារ​ថ្មី​របស់​លោក​ព្រះរាជអាជ្ញា និង​ជំរុញ​ដោះស្រាយ​បញ្ហា​សំណុំរឿង​ដែល​កកស្ទះ ដែល​នៅ​សេសសល់​នា​ពេល​កន្លង​មក​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា មាន​ករណី​ខ្លះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​រង់ចាំ លើ​ប្រព័ន្ធ​ដោះស្រាយ​តុលាការ​រាង​យូរ​ពេក ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​មក​រដ្ឋបាល​ខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ព​ន្លឿ​ន​សំណុំរឿង​របស់​គាត់​ឲ្យ​ឆាប់​បាន​កាត់ក្តី​ដែល​ត្រូវ​បាន​កកស្ទះ​ផង​ដែរ​។ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ត្រូវ​ពង្រឹង​សាមគ្គីភាព ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​។

លោក​ចៅក្រម និង​ព្រះរាជអាជ្ញា​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​កាត់ក្តី​ដោយ​មិន​លម្អៀង​មាន​ភាព​យុត្តិធម៌​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ទុកចិត្ត​មក​លើ​ប្រព័ន្ធ យុត្តិធម៌​។ ជាមួយ​នោះ​ត្រូវ​លើកកម្ពស់​នូវ​សេចក្តី​ថ្លៃថ្នូរ​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅ​ក្រមសីលធម៌ និង​វិន័យ​ទាំង​នៅ​ក្នុង​ម៉ោង​បម្រើ​ការងារ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​តាម​គោលការណ៍​ចៅក្រម ក៏​ដូច​ជា​ព្រះរាជអាជ្ញា​ក្នុង​រយៈពេល​៤​ឆ្នាំ និង​ត្រូវ​ផ្លាស់​ប្ដូរ​មុខ​តំណែង​ទៅ​កាន់​កន្លែង​ថ្មី ដែល​មិន​ខុស​ពី​អាណត្តិ​របស់​អភិបាលខេត្ត​នោះ​ទេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ