ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មីមួយគូ ក្នុងគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ជំនួសទីតាំងចម្លាក់អណ្ដើកចាស់ ដែលចម្លាក់អណ្ដើកថ្មចាស់ ត្រូវយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមព្រះសីហនុអង្គរ សម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ ។
លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មីមួយគូ នៅគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ឲ្យស្របតាមអណ្ដើកចាស់ និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូនេះ បានចម្លងថ្មីពីសត្វអណ្ដើកចាស់ ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមក ក្នុងខណៈពេលដែលកំពុងការធ្វើកំណាយ ដើម្បីជុសជុលប្រាសាទកណ្ដាលនោះឡើងវិញ ឲ្យដូចទម្រង់ដើម ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០នេះ ។
លោក ម៉ៅ សុខនី បានឲ្យដឹងទៀតថា ចំពោះសត្វអណ្ដើកថ្មចាស់ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្ដមព្រះសីហនុអង្គរ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ ពីវត្ថុមានតម្លៃមហាសាលមួយនេះ ព្រោះនៅពេលយកវត្ថុបុរាណទៅកប់ក្រោមដី វាធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនបានស្គាល់ ហើយចំពោះរបបគំហើញផ្សេងៗទៀត ដែលអ្នកជំនាញប្រទះឃើញជាមួយសត្វអណ្ដើកថ្មភក់នោះ អាជ្ញាធរនឹងពិធីដាក់បន្ថែមទៀត ជាលើកចុងក្រោយ ។
សូមរម្លឹកឡើងវិញថា កាលពីចុងខែមេសា ឆ្នាំ២០២០នេះ អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសត្វអណ្ដើកធ្វើអំពីថ្មភក់មួយគូ និងវត្ថុបុរាណជាច្រើន បានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះ កំពុងធ្វើកំណាយដើម្បីជួសជុលប្រាសាទនេះឡើងវិញ ក្នុងនោះមានគ្រាប់ខ្វាតពណ៌សជាច្រើនរយគ្រាប់, ចម្លាក់អណ្ដើកថ្មភក់ចំនួន០២ក្បាល, រូបចម្លាក់ក្បាលនាគ រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែកមួយ ព្រមទាំងឃើញសំណង់ឈើកប់នៅគ្រឹះប្រាសាទកណ្ដាលផងដែរ ៕






ចែករំលែកព័តមាននេះ