រាជធានីភ្នំពេញ ៖ មុននឹងយើងចង់ក្លាយជាអ្នកមាន យើងត្រូវសួរខ្លួនថា យើងចង់មានទៅលើវិស័យអ្វី? ផ្នែកអាជីវកម្ម ក្រុមហ៊ុន ឬអចលនទ្រព្យជាដើម ? បន្ទាប់មកយើងត្រូវមានការគិតពិចារណាឱ្យមានន័យ មានមហិច្ឆតាឱ្យធំទើបវាអាចជំរុញទឹកចិត្តយើងឱ្យបន្តនូវក្តីសុបិន្តបាន ហើយពាក្យថា អ្នកមាន គឺរង់ចាំអ្នកទៅយក ហើយវាមានច្រើនណាស់កុំខ្លាចអស់ពាក្យនឹង ។

លោក ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL អចលនទ្រព្យបានលើកឡើងថា «ខ្ញុំគិតថា ខ្ញុំមានមហិច្ឆតា គិតធំណាស់ ។ ប៉ុន្តែនៅពេលខ្ញុំចូលទៅក្នុងក្រុមអ្នកមានគាត់មានមហិច្ឆតាធំជាងខ្ញុំទៅទៀត ដូចនេះយើងត្រូវរៀនគិតឱ្យធំនឹងច្រើន ។ ហើយសម្រាប់ខ្ញុំ ខ្ញុំបានគិតថា នឹងធ្វើការងារក្នុងវិស័យអចលនទ្រព្យ»។

លោក ចេង ខេង បានបន្ថែមថា «តួយ៉ាងសម្រាប់ខ្ញុំ ខ្ញុំកើតចេញពីកូនកសិករ ហើយទំរាំមកដល់ពេលនេះ ខ្ញុំពិតជាបានខំប្រឹងខ្លាំងណាស់ ដូចនេះខ្ញុំយល់ថា អ្នកមាន គឺការគិតរបស់គាត់ខ្លាំង ទម្រាំបានក្លាយជាអ្នកមាន ។ ខ្ញុំអាចនិយាយបានប្អូនៗដែលចង់មាន អាចទៅឱ្យកៀកៗជាមួយអ្នកមាន ដូចនេះយើងពិតជាអាចរៀនតាមគំនិតរបស់ពួកគាត់បាន ។ ពាក្យថា អ្នកមានមិនអស់ទេ មានន័យថា ពាក្យនេះ គឺរង់ចាំយើងជានិច្ច ឱ្យតែយើងមានឳកាស សមត្ថភាពអាចយកឈ្មោះនេះបាន» ។

លោក ចេង ខេង បានបន្តថា បើក្រឡែកមើល ទៅលើអ្នកមាននៅឯបរទេស និងអ្នកមាននៅស្រុកយើង អ្នកមាននៅបរទេស គឺគេមានសីលធម៌ខ្ពស់ និយាយទៅគ្រប់អ្វីៗដែលគេធ្វើបាន គឺគេជាមនុស្សគំរូសម្រាប់ពិភពលោកតែម្តង មិនមែនធ្វើសម្រាប់តែប្រទេសមួយទេ ។ យើងមើលទៅបុគ្គលជោគជ័យរបស់សហរដ្ឋអាមេរិក គេធ្វើមិនត្រឹមតែធ្វើជាបុគ្គលគំរូក្នុងប្រទេសគេទេ តែគេធ្វើដើម្បីពិភពលោកតែ ម្តង។ ការមានបានមិនមែនជាភាពចៃដន្យ ឬនរណាម្នាក់យកវាមកឱ្យយើងនោះទេ ។ លោកបានបន្ត តែវាជាការចង់មានចង់បានចេញពីខ្លួនយើងម្នាក់ៗ ។
ដូចនេះលោក ចេង ខេង បានណែនាំ ៥ចំណុចដែលអាចជាគំនិតខ្លះៗ សម្រាប់លោកអ្នកយកមកពិចារណា ៖
១- ចំណុចទី១៖ ធ្វើគឺធ្វើឱ្យលើស មនុស្សជោគជ័យ គឺមនុស្សដែលពូកែធ្វើ ហើយអោយលើសនូវអ្វីដែលគេដាក់ឱ្យធ្វើទៀត មានន័យថា បើមេដាក់ការងារប៉ុណ្ណេះ យើងធ្វើលើសទៀតដោយសារតែចង់រៀននូវបទពិសោធន៍ថ្មី ធ្វើឱ្យលើសហើយធ្វើឱ្យល្អបំផុតជារៀងរហូត មិនមែនថាថ្ងៃនេះលើសហើយ ចឹងថ្ងៃស្អែកមិនបាច់លើសទៀតទេ អានឹងខុសហើយ។

២- ចំណុចទី២៖ អភិវឌ្ឍនលើខ្លួនឯងជានិច្ច មិនមានន័យថាចេះប៉ុណ្ណឹងហើយមិនបាច់រៀនទៀតទេ ដូចនេះការរៀនបន្ថែម និងការអនុវត្តទៀតនោះ វាប្រាកដថានឹងអាចចេះបានឆាប់រហ័ស។ ៣- ចំណុចទី៣៖ គឺអាតិភាពទៅលើក្រុមហ៊ុន អ្នកខ្លះគាត់គិតថា មិនមែនក្រុមហ៊ុនគាត់ ចឹងគាត់មិនខ្វល់ទេ ធ្វើការស៊ីតែប្រាក់ខែ មិនខ្វល់ថាក្រុមហ៊ុនរីកចំរើនឬអត់ តែគិតចឹងខុសហើយ ការងារត្រូវខំប្រឹងពីតូចទៅ បើយើងនៅគិតចឹងយើងមិនមានការអភិវឌ្ឍនខ្លួនទេ។ ការងារលើសបន្តិច មានន័យថា បើគាត់ធ្វើលើសការងារខ្លះៗ ហើយចេះអភិវឌ្ឍនខ្លួនហើយដូចនេះ អនាគតរបស់គាត់នឹងភ្លឺស្វាង ហើយ។
៤- ចំណុចទី៤ ៖ ត្រូវមានមហិច្ឆតា ត្រង់នេះសូមបញ្ជាក់ថា មនុស្សមានមហិច្ឆតាខ្ពស់មិនមែនជាមនុស្សលោភលន់ទេ កុំមានការភ័ន្តប្រឡំ មនុស្សដែលមានមហិច្ឆតា គឺជាមនុស្សដែលប្រឹងដោយខ្លួនឯង ទៅយករបស់មួយដែលខ្លួនចង់បាន រីឯលោភលន់មានន័យថា មនុស្សដែលចង់បានរបស់គេដោយមិនបញ្ចេញកំលាំង។
5- ចំណុច ទី ៥៖ គឺជាការជួយទៅក្នុងសង្គមវិញ ហើយការជួយនេះដែរ គឺជាការជួយដោយចិត្តស្មោះស មិនត្រូវការអ្វីត្រឡប់មកវិញទេ ជាពិសេសកទៅលើការអប់រំ និងជួយទៅលើអ្នកមានសមត្ថភាព ឬធនធានមនុស្ស។ ហើយបើយើងចង់ជួយឱ្យប្រទេសរុងរឿង ទាល់តែយើងធ្វើឱ្យខ្លួនឯងរុងរឿងជាមុនសិន ទើបវាជាឳកាសដែលនាំឱ្យយើងធ្វើអ្វីមួយសម្រាប់ប្រទេសជាតិ ជួយបុគ្គលិកយើងឱ្យរុងរឿង ដូចនេះបុគ្គលិក និងយើងគឺអាចជួយប្រទេសជាតិឱ្យរុងរឿងហើយ៕
ចែករំលែកព័តមាននេះ