ការផ្ទុះនូវជំងឺកូវីដ ១៩ បានបង្កឲ្យមនុស្សមួយចំនួនបាត់បង់ការងារ ជួបការកាត់ប្រាក់ខែ ឬបិទដំណើរការអាជីវកម្មទាំងស្រុង។ ជារួម វាមិនមែនជាពេលល្អសម្រាប់ទីផ្សារការងារឡើយ ហើយមនុស្សជាច្រើនក៏មានភាពស្ទាក់ស្ទើរក្នុងការចាប់យកឱកាសការងារថ្មីៗដែរព្រោះពួកគេមិនច្បាស់លាស់ថាការងារថ្មីនឹងនឹងនរឬទេក្នុងស្ថានការបច្ចុប្បន្ននេះ។ ខាងក្រោមគឺជាចំណុចមួយចំនួនដែលអ្នកអាចពិចារណាដើម្បីដឹងថាការងារមួយនឹងនរទេនាពេលបច្ចុប្បន្ន៖

១. ស្រាវជ្រាវឲ្យបានច្បាស់លាស់
អ្នកត្រូវទទួលស្គាល់ការពិតថា វិស័យមួយចំនួនពិតជាកំពុងជួបឧបសគ្គច្រើនជាងវិស័យមួយចំនួនទៀតពិតមែនដូចជាវិស័យទេសចរណ៍ជាដើម។ ដូច្នេះការស្រាវជ្រាវពីវិស័យដែលកំពុងមានការលូតលាស់ខ្ពស់នឹងជួយឲ្យអ្នករកបានឱកាសការងារល្អ។
២. សួរសំណួរសំខាន់ៗកំឡុងពេលសម្ភាសន៍
អ្នកត្រូវយល់ច្បាស់ពីក្រុមហ៊ុន ឬស្ថាប័នការងារដែលអ្នកកំពុងចាប់អារម្មណ៍។ ដោយហេតុដូចនេះ ប្រសិនបើអ្នកមានឱកាសត្រូវបានសម្ភាសន៍នោះ អ្នកគួរតែសួរឲ្យបានច្បាស់ពីពេលសម្រាប់ការចាប់ផ្តើមការងារប្រសិនបើអ្នកត្រូវបានជ្រើសរើស និងសួរបញ្ជាក់ថាមានឱកាសដែលកាលបរិច្ឆេទនោះត្រូវបានពន្យាពេលឬទេ។
អ្នកក៏អាចសួរថាតើកូវីដ ១៩ បានបង្កការប៉ះពាល់ដល់ស្ថាប័ននោះយ៉ាងដូចម្តេចដែរ។ ប្រសិនបើស្ថាប័នដែលអ្នកចាប់អារម្មណ៍មានផែនការច្បាស់លាស់សម្រាប់ឆ្លើយតប វាជាមុខសញ្ញាល្អមួយ។
៣. រក្សាទំនាក់ទំនងជាមួយបុគ្គលិក
នរណាៗក៏ដឹងដែរថាទំនាក់ទំនងរវាងមនុស្សនិងមនុស្សមានសារៈសំខាន់ណាស់សម្រាប់ការរកការងារ ហើយក្នុងស្ថានការបច្ចុប្បន្ននេះ វាកាន់តែមានសារៈសំខាន់ជាងមុនទៅទៀត។ អ្នកអាចទាក់ទងទៅមនុស្សដែលអ្នកស្គាល់ដែលកំពុងតែធ្វើការក្នុងស្ថាប័នដែលអ្នកចាប់អារម្មណ៍ ដើម្បីសួរពីការផ្លាស់ប្តូរ និងបញ្ហាផ្សេងៗដែលស្ថាប័នកំពុងតែជួបប្រទះ ៕
ចែករំលែកព័តមាននេះ