រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងហើយមិនអស់ចិត្ត បើករថយន្តបំរុងចូលផឹកមួយកន្លែងទៀត ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងអមជាមួយផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តរងដែលម្ចាស់បើកធ្លាក់ប្រឡាយនេះសេ៊រីទំនើប ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២BJ-១២៣ បើកបរក្នុងទិសដៅពីកើតទៅលិច ហើយរេចង្កូតជ្រុលធ្លាក់ប្រឡាយទឹកតែម្ដង ។ អ្នកបើកបររថយន្តមានឈ្មោះ វង់ គង្គា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តខាងលើបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់ទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ លុះបន្ទាប់មកក៏បើករថយន្តចេញពីផ្ទះមិត្តភក្ដិរបស់គាត់ ក្នុងគោលបំណងចូលផឹកស៊ីមួយកន្លែងទៀត ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជាន់ហ្វ្រាំងមិនទាន់ ក៏ធ្លាក់ប្រឡាយទឹកក្រឡាប់ផ្ងារជើងរថយន្តឡើងលើ ខណៈពេលភ្លាមៗនោះ គាត់បានស្រវេស្រវាបើកទ្វារចេញពីក្នុងរថយន្ត រួចឡើងមកលើគោក ហើយក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកមើល ទើបប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានកាកាបទី២ បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ។

ពេលសមត្ថកិច្ចមកដល់ឃើញមិនមានគ្រោះថ្នាក់ដល់អាយុជីវិត និងមិនប៉ះពាល់នាក់ដទៃ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ហៅរថយន្តស្ទូចមកស្ទួចអូសយករថយន្តទៅជួសជុលដោយខ្លួនឯង ៕


ចែករំលែកព័តមាននេះ