ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson សន្យានឹងបញ្ចេញកញ្ចប់ទឹកប្រាក់ប្រមាណ ២ពាន់លានផោន (២,៦ពាន់លានដុល្លារ) ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនឱ្យជិះកង់ និងការដើរថ្មើរជើង អំឡុងពេលប្រទេសមានវិបត្តិកូវីដ១៩។

កញ្ចប់នេះនឹងផ្តល់ជាថវិកាសម្រាប់គំនិតផ្តួចផ្តើមរួមមាន ការកែលំអផ្លូវជិះកង់ និងផ្លូវថ្មើរជើង, ការហ្វឹកហាត់ជិះកង់, ការបណ្តុះបណ្តាលជំនាញជិះកង់, និងគម្រោងផលិតកម្មកង់អេឡិចត្រូនិច ដើម្បីលើកកម្ពសសុខភាពសាធារណៈ និងកាត់បន្ថយការបញ្ចេញផ្សែងពុល។

សូមរំលឹកថាកាលពីដើមឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី Boris Johnson បានប្តេជ្ញាថានឹងនាំមកនូវ យុគសម័យនៃការជិះកង់ ខណៈដែលរដ្ឋាភិបាលសង្ឃឹមថា នឹងពង្រឹងឥរិយាបថរបស់ប្រជាជនក្នុងការធ្វើដំណើរនៅពេលមានវិបត្ដិកូវីដ១៩។

នៅពេលដែលចក្រភពអង់គ្លេស បានចេញវិធានការចាក់សោប្រទេស អាជ្ញាធរបានព្រួយបារម្ភថា ប្រជាជនភាគច្រើននឹងប្រើប្រាស់រថយន្ត ដើម្បីជៀសវាងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ។ ហើយនេះគឺជាហេតុផលបណ្តាលឱ្យមានបញ្ហាកកស្ទះ នៅតាមទីប្រជុំជននិងទីក្រុងជាច្រើន។ រដ្ឋាភិបាលក៏នឹងត្រៀមផ្តល់ប័ណ្ណមានតម្លៃ ៥០ផោន (៦៥ដុល្លារ) ដោយឥតគិតថ្លៃដល់ប្រជាជន ដើម្បីទទួលបានសេវាកម្មជួសជុលកង់ចាស់ៗរបស់ពួកគេយកប្រើប្រាស់ឡើងវិញ។

លោក Boris Johnson បាននិយាយថា «ពីការជួយមនុស្សឱ្យមានរាងស្អាត និងមានសុខភាពល្អ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺរបស់ប្រជាជន បណ្តាលមកពីខ្យល់បំពុល ជាពិសេសជួយកាត់បន្ថយដល់ការកកស្ទះផងដែរ។ ការជិះកង់ និងការដើរមានតួនាទីយ៉ាងធំ ក្នុងការដោះស្រាយបញ្ហាសុខភាព និងបរិស្ថានធំបំផុតមួយចំនួនដែលយើងកំពុងប្រឈមមុខ»៕ (ដកស្រង់ចេញពី cyclingweekly)



ចែករំលែកព័តមាននេះ