ខេត្តកំពង់ធំ ៖ ស្ត្រីជាប្រពន្ធដើមបានចោទទាំងឈឺចាប់ថា កាលនៅក្រីក្រតើស្រីល្អនោះនៅឯណា ? នេះគឺជារឿងរ៉ាវរបស់មន្ត្រីមួយរូបនៅសាលាក្រុងស្ទឹងសែន ដែលកំពុងលេងល្បែងស្នេ
ហាត្រីកោណលួចលាក់នាំស្រីក្មេងឡើងផ្ទះសំណាក់អស់រយៈពេលជាច្រើនខែមកហើយ រហូតដល់បែកការណ៍ដល់ប្រពន្ធកូន ព្រមទាំងសាច់ញាតិ ។
អ្វីដែលជាការអៀនខ្មាសនោះ គឺការបែកធ្លាយរូបអាក្រាតកាយយ៉ាងអាសអាភាស ដែល
ត្រូវបានគេស្គាល់ថា តួប្រុសគឺលោក អ៊ុយ ចាន់ ជាមន្ត្រីបម្រើការងារនៅក្នុងសាលាក្រុងស្ទឹងសែន។

ពាក់ព័ន្ធនឹងរឿងរ៉ាវលោកប្តីលួចមានស្រីថ្មីក្បត់ចិត្តប្រពន្ធ ភ្លេចគ្រាកម្សត់កម្រស៊ីអត់ស៊ីឃ្លានជាមួយគ្នានេះ អ្នកស្រី បូ ភឿង ដែលជាប្រពន្ធបានរៀបរាប់ទាំងអួលដើម.ក កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា គាត់បានរៀបការជាមួយលោក អ៊ុយ ចាន់ អស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន៣នាក់ ។ លុះចាប់តាំងពីបានចូលបម្រើការងារនៅសាលាក្រុងស្ទឹងសែនមក មួយរយៈចុងក្រោយនេះ ប្តីគាត់ហាក់ដូចជាប្លែក មានចរិតរើសអើងអ្នកដែលធ្លាប់រាប់អានគ្នា ចំណែកការងារលក់ដូររបស់គាត់ក៏លោកប្តីមិនជួយដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ដោយខ្លាចខ្មាសគេដែលមានប្រពន្ធមានមុខរបរលក់សាច់គោអាំង ប្តីថែមទាំងនិយាយបែបគំរាមថា គេមានការងារធំដុំធ្វើ អ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់គេ គេទូរស័ព្ទតែមួយរ៉ឺងមកដល់ភ្លាម ។

អ្នកស្រី បូ ភឿង រៀបរាប់ទៀតថា មិនតែប៉ុណ្ណោះ ចាប់តាំងពីបានចូលបម្រើការងារនៅសាលាក្រុងស្ទឹងសែនមក ប្តីគាត់ក៏បែកគំនិតមានស្រីស្នេហ៍ថ្មីឈ្មោះ ស្រីណែត ។ ពួកគេលួចទាក់ទងគ្នាអស់យៈពេលលជាច្រើនខែ ដោយនាំគ្នាបង្កាត់ភ្លើងស្នេហ៍ដ៏សន្ធោសន្ធៅនៅក្នុងផ្ទះសំណាក់ រហូតលេចចេញនូវរូបអាក្រាតកាយបែករឿងដឹងដល់រូបគាត់ជាប្រពន្ធ និងសាច់ញាតិបងប្អូនទៀតផង ។
គាត់ពិតជាអៀនខ្មាសខ្លាំងណាស់ ចំណែកបងថ្លៃស្រីរបស់គាត់ ក៏ធ្លាប់បានទៅនិយាយប្រាប់ស្រីណែតនោះ ឲ្យឈប់ទាក់ទងជាមួយប្តីគាត់តទៅទៀត ព្រោះគេមានប្រពន្ធកូនហើយ តែសម្តីរបស់បងស្រីហាក់គ្មានប្រសិទ្ធភាពអ្វីបន្តិចសោះឡើយចំពោះប្អូនប្រុស ។ ផ្ទុយទៅវិញ បំណងល្អនេះបែរជាធ្វើឲ្យលោកប្អូនប្រុសដែលកំពុងតែឈ្លក់វង្វេងនឹងស្រីថ្មីនោះខឹង ឈប់និយាយរកបងស្រីទៅវិញ ហើយបោះសម្តីថា ស្រីក្រោយគេឲ្យអ្វីៗច្រើនណាស់ដល់គេ មិនអាចបោះបង់ចោលបានទេ ។

ដោយសារតែការនិយាយគ្នាស្តាប់មិនបាន គាត់ក៏ព្យាយាមសុំលែងលះគ្នា តែប្តីគាត់មិនព្រម
លែង ហើយសន្យាថា ឈប់ទាក់ទងជាមួយស្រីស្នេហ៍ទៀតហើយ ។ ចំណែករូបគាត់ ក៏សុខចិត្តដឹកដៃកូនប្រុសស្រីទាំង៣នាក់ទាំងឈឺចិត្តឆ្អិតទ្រូងចេញពីភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ទៅរស់នៅឯភូមិបុះវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដែលជាស្រុក
កំណើតមួយរយៈសិន ព្រោះមិនអាចទ្រាំរស់ដោយក្តីឈឺចាប់បានឡើយ ។
ជុំវិញបញ្ហាខាងលើនេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន មានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោក អ៊ុយ ចាន់ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលទទួលការងារសាធារណៈ ដូចជាការងារអនាម័យ និងបរិស្ថានជាដើម ។ ចំណែករឿងមានស្រីញីផិតក្បត់ប្រពន្ធនោះ លោកពុំបានដឹងម៉ទេ ហើយលោកនឹងហៅមកធ្វើការអប់រំ ៕
ចែករំលែកព័តមាននេះ