ប្រេស៊ីល ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រាប់ឱ្យដឹងថា ខ្លួនរំពឹងថានឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងពិសោធន៍ Oxford / AstraZeneca ចំនួន ១៥.២លានដូស ប្រឆាំងនឹងជំងឺកូវីដ ១៩ នៅចុងខែធ្នូ ប្រសិនបើការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព។
យោងតាមលេខាធិការផ្នែកឃ្លាំមើលសុខភាព លោក Arnaldo Correia de Medeiros ការចាក់វ៉ាក់សាំងដំបូង គួរតែមកដល់ប្រទេសប្រេស៊ីលនៅសប្តាហ៍ទី២ នៃខែធ្នូ។ លេខាធិការរូបនេះ មិនបានបញ្ជាក់ថា តើវ៉ាក់សាំងនេះនឹងចេញមកពីណាទេ?

លោក Medeiros បានប្រាប់ទូរទស្សន៍ CNN Brasil នៅថ្ងៃអង្គារ៍នេះថា៖ «ប្រសិនបើការសិក្សាទទួលបានជោគជ័យ យើងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅខែធ្នូ»។
ដូសចំនួន ១៥.២លានដូសទៀត រំពឹងថានឹងមកដល់ប្រទេសប្រេស៊ីលក្នុងខែមករា ហើយវ៉ាក់សាំង ៧០លានដូសទៀត គួរតែមាននៅចន្លោះខែមីនា និងមេសា។ លេខាធិការរូបនេះក៏បាននិយាយផងដែរថា មនុស្សចាស់គឺជាក្រុមទី១ ដែលបានទទួលវ៉ាក់សាំងនេះ។
កិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាមួយ Oxford / AstraZeneca មិនទាន់ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលប្រេស៊ីលនៅឡើយទេ។ ក្រសួងសុខាភិបាលប្រេស៊ីលបានជូនដំណឹងដល់សារព័ត៌មាន CNN ថា ការចរចាអំពីបច្ចេកទេសទាក់ទងនឹងផលិតកម្មនិងការផ្ទេរបច្ចេកវិទ្យានៅតែកំពុងពិភាក្សា។ ទោះយ៉ាងណាក៏ដោយ វាមិនផ្លាស់ប្តូរពេលវេលាដែលបានស្នើឡើងរបស់លេខាធិការទេ។
គួរបញ្ជាក់ផងដែរថា ប្រេស៊ីលជាកន្លែងសាកល្បងវ៉ាក់សាំង។ យ៉ាងហោចណាស់ប្រជាជនប្រេស៊ីល ៥០០០នាក់កំពុងធ្វើការស្ម័គ្រចិត្ត សម្រាប់ការសាកល្បងប្រសិទ្ធភាពដំណាក់កាលទី៣៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ