កូឡុំប៊ី ៖ ប្រធានាធិបតី Ivan Duque បាននិយាយពីថ្ងៃអង្គារ៍ថា ប្រទេសកូឡុំប៊ី នឹងពង្រីកវិធានការណ៍រក្សាគម្លាតសង្គម ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា។ វាកើតឡើងនៅថ្ងៃដែលប្រទេសនេះ បានរាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងករណីឆ្លងកូវីដ១៩ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។

លោកប្រធានាធិបតី Duque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់លោកនៅរដ្ឋធានីបូហ្គូតាថា៖ «ការចាក់សោរត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែសីហា ប៉ុន្តែនៅក្នុងទីក្រុងទាំងនោះដែលមានអត្រាកូវីដទាប យើងនឹងបន្តបើកផ្នែកខ្លះនៃសេដ្ឋកិច្ចផ្សេងៗទៀត»។
រឿងនេះកើតឡើងនៅពេលដែលចៅហ្វាយក្រុងបូហ្គោតា លោកស្រី Claudia López Hernández បានប្រាប់ CNN កាលពីថ្ងៃអង្គារ៍ថា ការលុបបំបាត់កូវីដ១៩ នៅកូឡុំប៊ី គឺមិនអាចទៅរួចទេ។

លោកស្រី Hernández បានប្រាប់ CNN ថា៖ «ប្រទេសនានា ដូចជាប្រទេសរបស់យើងនៅអាមេរិកឡាទីន យើងត្រូវតែរៀនកាត់បន្ថយមេរោគជាជាងកម្ចាត់វាចោលតែម្តង។ នៅក្នុងស្ថានភាពរបស់យើង គោលបំណងដើម្បីលុបបំបាត់វីរុសមិនអាចទៅរួចនោះទេ»។
ការចាក់សោរត្រូវបានអនុវត្តនៅទូទាំងប្រទេសកូឡុំប៊ី ចាប់តាំងពីថ្ងៃទី២៥ ខែមីនា ដល់កម្រិតផ្សេងៗគ្នា។ រដ្ឋបាលមូលដ្ឋានអាចអនុវត្តវិធានការចាក់សោជាក់លាក់នៅក្នុងទីក្រុងនីមួយៗ ខណៈកូឡុំប៊ី បានជម្រុញឱ្យមានវិធីសាស្ត្រដែលបានធ្វើមូលដ្ឋានីយកម្ម ដែលមើលឃើញតែតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ស្ថិតនៅក្រោមការដាច់ពីគ្នាយ៉ាងតឹងរឹង ខណៈដែលផ្នែកធំនៃប្រទេសអាចធ្វើប្រតិបត្តិការដោយសេរី។

ព្រំដែនរបស់ប្រទេសកូឡុំប៊ី បច្ចុប្បន្នត្រូវបានបិទរហូតដល់ថ្ងៃទី១ ខែកញ្ញា។ ប្រទេសកូឡុំប៊ី មានករណីថ្មីៗកើនឡើងខ្ពស់បំផុតចំនួន ១០,២៨៤ករណី កាលពីថ្ងៃអង្គារ៍ ដែលនាំឱ្យមានករណីឆ្លងសរុប ២៦៧,៣៨៥ករណី។ នេះបើយោងតាមក្រសួងសុខាភិបាល។ យ៉ាងហោចណាស់មានមនុស្ស ៩,០៧៤នាក់ បានបាត់បង់ជីវិតដោយសារតែកូវីដ១៩ នៅក្នុងប្រទេសនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ