មិនមាននរណាម្នាក់ដែលអាចទស្សនទាយដឹងថាឆ្នាំ ២០២០ នេះនឹងជួបនូវគ្រោះដ៏ធំដូចជាកូវីដ ១៩ នេះឡើយ ។ មិនថាអ្នកស្ថិតក្នុងចំណោមមនុស្សដែលបានបាត់បង់ការងារ ឬមនុស្សដែលកំពុងព្យាយាមរកឱកាសការងារថ្មីទេ អ្នកមិនគួរអនុញ្ញាតឲ្យកូវីដ ១៩ រាំងស្ទះអ្នកឡើយ ។ ខណៈដែលទីផ្សារការងារមានភាពប្រកួតប្រជែងជាងមុនពិតមែនក្តីវាមិនមែនមានន័យថា អ្នកមិនមានឱកាសទាំងស្រុងទេ ។ខាងក្រោមនេះ គឺជាមូលហេតុដែលបង្ហាញថាពេលនេះជាពេលល្អក្នុងការរការងារ ៖

១. វិបត្តិបង្កើតជាឱកាសថ្មីៗ
ការផ្ទុះជំងឺកូវីដ ១៩ បានបង្កើតជាឱកាសសម្រាប់មនុស្សគ្រប់គ្នាឲ្យវាយតម្លៃលើខ្លួនឯងឡើងវិញ ។ តើអ្នកមានប្រទះឃើញថាការងាររបស់អ្នកមិនមានតម្លៃសម្រាប់អ្នកដូចមុនទេ? តើអ្នកចង់ត្រលប់ទៅកាន់ជីវិតរបស់អ្នកមុនពេលមានការផ្ទុះជំងឺនេះទេ?ប្រសិនបើចម្លើយ គឺអត់ទេនោះ វាប្រហែលជាមុខសញ្ញាបង្ហាញថា អ្នកត្រូវតែវាយតម្លៃឡើងវិញលើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការងារ ។បើអ្នកបានបាត់បង់ការងារព្រោះតែកូវីដ ១៩ វិញ វាអាចជាឱកាសឲ្យអ្នកសាកល្បងការងារថ្មីៗផងដែរ ។ វិបត្តិនេះអាចជាកត្តាជំរុញឲ្យអ្នកចាប់ផ្តើមផ្លាស់ប្តូរជីវិតរបស់អ្នក ។
២. ភាពបត់បែន
កន្លែងការងារជាច្រើនអាចផ្តល់ជម្រើសឲ្យអ្នកធ្វើការពីផ្ទះបានក្នុងពេលនេះ ដែលផ្តល់ជាភាពបត់បែនច្រើនឲ្យអ្នកសម្ភាសន៍ និងធ្វើការ ។ លើសពីនេះទៅទៀត ភាពបត់បែននេះថែមទាំងអាចផ្តល់ពេលវេលាច្រើនឲ្យអ្នកពង្រឹងជំនាញរបស់ខ្លួនបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការងាររបស់អ្នកនៅថ្ងៃមុខដែរ ។
៣. ស្ថាប័នការងារកំពុងរកមនុស្សទុកថ្ងៃអនាគត
ព្រោះតែមនុស្សកាន់តែច្រើនកំពុងរកការងារក្នុងពេលបច្ចុប្បន្ននេះ ស្ថាប័នការងារមានចំណាប់អារម្មណ៍ក្នុងការរកបុគ្គលិកដែលមានសក្តានុពលទុកថ្ងៃមុខដែរ ។ ទោះជាពួកគេមិនត្រូវការមនុស្សច្រើនក្នុងពេលនេះពិតមែនក្តី ពួកគេនៅតែអាចកត់ឈ្មោះរបស់អ្នកទុកសម្រាប់ថ្ងៃមុខពេលដែលពួកគេត្រូវការមនុស្ស ។
ប្រសិនបើអ្នកកំពុងតែពិចារណាលើការរកការងារថ្មី វាជាពេលល្អក្នុងការធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេបរបស់អ្នក និងរកឱកាសថ្មីៗ ។ ស្ថានការបច្ចុប្បន្ននេះផ្តល់ជាឱកាសពិសេសសម្រាប់មនុស្សគ្រប់គ្នាដែលចង់មើលឃើញមានការផ្លាស់ប្តូរក្នុងការងារ ៕
ចែករំលែកព័តមាននេះ