ពេលខ្លះការចាប់ផ្តើមអាជីវកម្មមួយពឹងផ្អែកលើលទ្ធផលច្រើនជាងការមានក្តីសុបិន និងមានជំនាញបច្ចេកទេសដែលត្រឹមត្រូវ ។ ជាក់ស្តែងសហគ្រិនជាច្រើនដែលមានក្តីសុបិន និងជំនាញដែលចាំបាច់អាចបោះបង់ចោលអ្វីទាំងអស់បានយ៉ាងងាយ ។ ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីវកម្ម អ្នកគួរតែមានគុណសម្បត្តិដូចខាងក្រោមនេះ ៖

១. បទពិសោធន៍ក្នុងគម្រោងមុនៗ
ប្រសិនបើអ្នកនៅជាសិស្ស ឬនិស្សិត និងមិនទាន់មានបទពិសោធន៍ចាប់ផ្តើមអាជីវកម្មមួយនោះ អ្នកនៅតែមានឱកាសជោគជ័យប្រសោនបើអ្នកធ្លាប់មានបទពិសោធន៍ដែលបានចាប់ផ្តើម និងបង្កនូវលទ្ធផលល្អៗពីមុនមក ។ ស្ថាបនិកធំៗដូចជាលោក ប៊ីល ហ្គេតស៍ (Bill Gates) និង ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) តែងតែមានគម្រោងដែលលោកធ្វើក្រៅពីការងារ ។
២. មានគោលដៅដែលខ្ពស់ជាងលុយ
បច្ចុប្បន្ននេះ អតិថិជនចូលចិត្តអាជីវកម្មដែលខ្វល់ខ្វាយពីបញ្ហាក្នុងសង្គម និងបញ្ហាបរិស្ថាន ច្រើនជាងអាជីវកម្មដែលគិតតែពីប្រាក់ចំណេញ ។ ជាពិសេសក្នុងជំនាន់ប្រព័ន្ធសង្គមនេះ ការបង្ហាញពីតម្លៃទាំងនេះក្នុងអាជីវកម្មរបស់អ្នកអាចទាក់ទាញការគាំទ្រពីមនុស្សជាច្រើន ។
៣. មានចិត្តប្តេជ្ញា
ផ្លូវដើរជាម្ចាស់អាជីវកម្មមួយរូបជាផ្លូវដើរដ៏វែងមួយ ហើយអ្នកនឹងជួបនូវឧបសគ្គជាច្រើនតាមផ្លូវនោះដែរ ។ ទោះជាអ្នកមមិនមានបទពិសោធន៍ច្រើនពីមុនពិតមែនក្តី អ្នកត្រូវតែផ្តោតស្មារតីលើការពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការប្តេជ្ញាពុះពារឆ្លងកាត់គ្រប់ឧបសគ្គជាដើម ។
៤. ជំនាញទំនាក់ទំនង និងការស្តាប់
សមត្ថភាពក្នុងការទំនាក់ទំនងជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មរបស់អ្នកមានសារៈសំខាន់ណាស់ ។ សហគ្រិនដែលជោគជ័យជាមនុស្សដែលពូកែស្តាប់ និងពូកែនិយាយ និងសរសេរផងដែរ ៕
ចែករំលែកព័តមាននេះ