រូបរាងរបស់អ្នកមានភាគច្រើនបង្ហាញនូវសមត្ថភាពក្នុងការមានអ្វីទាំងអស់ដែលខ្លូនចង់បានមិនថា ជារថយន្តថ្លៃៗ យន្តហោះផ្ទាល់ខ្លួន ឬផ្ទះដែលប្រៀបបាននឹងសីតវិមានជាដើម ។ ប៉ុន្តែខណៈដែលអ្នកមានជាច្រើនមានសមត្ថភាពក្នុងការទិញសម្ភារៈទាំងនេះ អ្នកដែលជោគជ័យពិតប្រាកដដឹងថា ការរស់នៅតាមសមត្ថភាពរបស់ខ្លួន គឺជាផ្លូវដែលជួយឲ្យទ្រព្យសម្បត្តិនៅគង់វង្ស ។

យោងទៅតាមអ្នកស្រី ស៊ូស អូរមេន (Suze Orman) ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនបានបកស្រាយប្រាប់ CNBC Make It ប៉ុន្មានឆ្នាំមុនថា «សំណួរសំខាន់ដែលអ្នកត្រូវសួរខ្លួនឯងគឺ តើពេលណាទើបអ្នកទិញអ្វីដែលអ្នកអាចទិញបាន និងអ្វីដែលអ្នកត្រូវការពេលដែលអ្វីដែលអ្នកត្រូវការគឺតិចជាងអ្វីដែលអ្នកមានសមត្ថភាពទិញ?» ។
មានន័យថា ទោះជាអ្នកមានសមត្ថភាពក្នុងការទិញជម្រើសដែលថ្លៃជាងគេពិតមែន វាមិនមែនមានន័យថាជម្រើសនោះតែងតែជាជម្រើសល្អបំផុតឡើយ ។
អ្នកស្រីបានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីពេលដែលធ្វើការសម្រេចចិត្តទិញផ្ទះក្នុងឆ្នាំ ១៩៩៨ ។ ពេលនោះអ្នកស្រីមានសមត្ថភាពអាចទិញផ្ទះតម្លៃ ១លានដុល្លារបាន ប៉ុន្តែអ្នកស្រីមិនត្រូវការវាទេ ដូច្នេះអ្នកស្រីជ្រើសរើសទិញអាផាតមិនដែលមានតម្លៃ ២៤ម៉ឺនដុល្លារទៅវិញ ។
អ្នកស្រីបានទូន្មានថា ប្រសិនបើអ្នកចាយលុយព្រោះអ្នកមានសមត្ថភាពក្នុងការចាយ នោះអ្នកនឹងចាយអស់លុយសន្សំហើយ ។
លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ក៏ជាឧទាហរណ៍ជាក់ស្តែងនៃចំណុចនេះដែរ ។ បច្ចុប្បន្ននេះលោកនៅតែរស់នៅក្នុងផ្ទះដែលលោកបានទិញក្នុងឆ្នាំ ១៩៥៨ ក្នុងតមម្លៃ ៣ម៉ឺនដុល្លារ ដែលបច្ចុប្បន្នប្រហែលជាស្មើ ២៦ម៉ឺនដុល្លារ ។ លើសពីនេះទៅទៀត លោកមិនដែលចាយលុយលើស ៣.១៧ដុល្លារសម្រាប់អាហារពេលព្រឹកឡើយ ។
លោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) ដែលជានាយកប្រតិបត្តិរបស់ Facebook វិញ ក៏នៅបើកបររថយន្ត Acura TSX ដែលមានតម្លៃប្រមាណ ៣ម៉ឺនដុល្លារដែរ ។
វាមិនងាយស្រួលក្នុងការទប់អារម្មណ៍ចាយលុយទេ ប៉ុន្តែនៅពេលដែលអ្នកធ្វើឲ្យវាក្លាយជាទម្លាប់ហើយនោះ វានឹងនៅជាប់ខ្លួនអ្នក ៕
ចែករំលែកព័តមាននេះ