ខេត្តកំពង់ស្ពឺ ៖ ទីបំផុត! ជនសង្ស័យសម្លាប់នារីរងគ្រោះម្នាក់ ដើម្បីបំបិទមាត់ ដោយប្រើល្បិចក្លែងធ្វើជាចងក ព្រោះតែចង់ស៊ីដាច់លុយ ១២,០០០ដុល្លារ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ពិតជាឈាមស្រែក ស្បែកហៅ ។
ករណីវាយសម្លាប់នេះ កើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើភ្នំទទឹង ភូមិអន្លុងស្នោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចស្រាវជ្រាវឈានទៅឃាត់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការដឹកនាំពីឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន, ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ, លោកស្នងការរង សោម បូរ៉ា និងមានការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ផងដែរ ។
លោក សម សាក់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខូវ លីហាក់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ជុំ ចន្ធូ អាយុ២៤ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោក បានរៀបរាប់អោយដឹងថា មានពលរដ្ឋម្នាក់ឈ្មោះ កែវ ហ៊ីង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិអន្លុងស្នោរ ឃុំស្គុះ ស្រុកសំរោងទង បានរាយការណ៍ប្រាប់សមត្ថកិច្ចថា រូបគាត់បានដើររកគោមួយក្បាលដែលបាត់ នៅពេលដើររកនោះ ស្រាប់តែប្រទះឃើញសពស្ត្រីម្នាក់ ចង់កសម្លាប់ខ្លួន នៅចំណុចលើភ្នំទទឹង ទើបរូបគាត់ត្រឡប់មករាយការណ៍ទៅកាន់នគរបាល ឃុំ ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចុះស្រាវជ្រាវស៊ើបអង្កេត និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ធ្វើការពិនិត្យសព រួមនិងគ្រូពេទ្យកោសល្យវិច័យបានសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ព្រោះលើក្បាលផ្នែកខាងឆ្វេងនៃសពស្ត្រីរងគ្រោះ មានស្នាក់ស្នាមបែក ដោយសារចោរប្លន់វាយឲ្យស្លាប់ ហើយទើបយកសពស្ត្រីរងគ្រោះទៅចងព្យួរលើដើមឈើ ដើម្បីបំភាន់ភ្នែក ។
លោក សម សាក់ បន្ថែមទៀតថា រហូតដលម៉ោង៥និង៣០នាទីល្ងា ថ្ងៃទី២៧ កក្កដា ២០២០ កម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងករណីប្លន់សម្លាប់នេះ រួមនិងរកឃើញវត្ថុតាង មានគ្រឿងអលង្ការរបស់សពស្ត្រីរងគ្រោះ និងម៉ូតូ១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះនេះពិតបាកដមែន ដោយចង់សម្លាប់បំបិតមាត់ជនរងគ្រោះ ។
ជនសង្ស័យ បានបន្តសារភាពថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ នារីរងគ្រោះ ជុំ ចន្ធូ បន្ទាប់ពីប្តីបានស្លាប់ចោល នាងបានពឹងពាក់រូបខ្លួន(ជនសង្ស័យ)ឲ្យជួយលក់រថយន្តប្រភេទបែនដឹកដី១គ្រឿង ក្នុងតម្លៃ១៩,០០០ដុល្លារ ។ ដោយសារចង់ទិញម៉ូតូមួយគ្រឿងម៉ាក់ Z Kavaski ដែលមានតម្លៃ១០,៧៥០ដុល្លារសហរដ្ឋអាមេរិក ទើបរូបគេបានយកលុយពីការលក់ឡាននោះ ចំនួន១២,០០០ដុល្លារ ទៅទិញម៉ូតូ១គ្រឿង ។
ជនសង្ស័យ សារភាពទៀតថា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ រូបគេបានទូរស័ព្ទ ទៅបបួលនារីរងគ្រោះថា ទៅដើរលេង នៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ ហើយធ្វើសកម្មភាពវាយសម្លាប់យកខ្សែចង.ក ព្យួរលើដើមឈើដើម្បីបំភ័ន្តសមត្ថកិច្ច ព្រមទាំងយកគ្រឿងអលង្ការ ហៈយជិះម៉ូតូរត់គេខ្លួន តែម្តងទៅ ។ ទើបនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចស្រាវជ្រាវឈានទៅឃាត់ខ្លួនជនដៃដល់បាន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ