ខេត្តកំពង់ឆ្នាំង ៖ ប្រជានេសាទ៣គ្រួសាររស់នៅបណ្ដោះអាសន្ននៅលើទូកនេសាទ ស្នាក់នៅតាមមាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានសប្បុរសជននាំយកស្បៀងអាហារទៅចែកជូនពួកគាត់ដោយផ្ទាល់ បន្ទាប់ពីពួកគាត់បានសំណូមពរ និងមានការបង្ហោះរូបភាពលើបណ្ដាញសង្គម ស្នើសុំស្បៀងអាហារ ព្រោះតែ៤-៥ថ្ងៃនេះ ពួកគាត់ទៅនេសាទត្រីពុំបានឡើយ ហើយក៏គ្មានប្រាក់ទិញអង្ករដាំបាយហូបដែរ។ ប្រជានេសាទទាំង៣គ្រួសារខាងលើ បានឱ្យដឹងថា៖

ពួកគាត់ ១-ឈ្មោះ យ៉ាម៉ា វន្នី អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ឡេះ យ៉ា អាយុ៣៣ឆ្នាំ មានកូន៤នាក់ គ្មានមានដីធ្លី និងផ្ទះសម្បែងទេ សព្វថ្ងៃស្នាក់នៅជាមួយម្ដាយ ក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ សព្វថ្ងៃពួកគាត់ប្រកបមុខរបរនេសាទរស់នៅបណ្ដោះអាសន្ននៅលើទូកនេសាទ។ ២-ឈ្មោះ ម៉ើ សេន អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះ សេង ស្រីពៅ អាយុ៣២ឆ្នាំ មានកូន៥នាក់ រស់នៅភូមិទី៦ សង្កាត់ខ្សាម។ ប្រកបមុខនេសាទពួកគាត់ពុំបានរស់នៅក្នុងលំនៅឋានទេ សព្វថ្ងៃស្នាក់នៅតែលើទូក នេសាទ ក្នុងភូមិចុងកោះ។

៣-ឈ្មោះ ម៉ើ សុះវី អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ សែម ស្រីកា អាយុ២៧ឆ្នាំ មានកូន១នាក់ អត់មានដីមានផ្ទះទេ ស្នាក់នៅលើទូកនេសាទ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង។ ពួកគាត់ទាំង៣គ្រួសារបានឲ្យដឹងថា៖ កន្លងមកពួកគាត់រស់នៅបណ្ដោះអាសន្នលើទូកនេសាទ ដើម្បីប្រកបមុខរបរនេសាទ ប៉ុន្តែរយៈពេលបួនប្រាំថ្ងៃកន្លងមកនេះ ពួកគាត់ទៅនេសាទត្រីពុំបានឡើយ ដោយសារទឹកទន្លេមិនឡើងត្រីក៏អត់មានដែរ ដូច្នេះហើយទើបពួកគាត់ស្នើសុំឲ្យសប្បុរសជនជួយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ក្រុមសប្បុររសជនជាម្ចាស់អំណោយរួមមាន៖

១-លោក សួង ប៊ុនសុង អាជីវករនៅក្នុងក្នុងកំពង់ឆ្នាំង ឧបត្ថម្ភអង្ករ៦០គីឡូក្រាម, ២-លោក លី ប៊ុនលៀង មន្ត្រីអង្គការនៅសង្កាត់ខ្សាម ឧបត្ថម្ភអង្ករ៥០គីឡូក្រាម, ៣-លោកស្រី អុល បញ្ញាស័ក្តិ អាជីវករ លក់ម៉ូតូនៅក្នុងក្រុងកំពង់ឆ្នាំង ឧបត្ថម្ភថវិកា១៥ម៉ឺនរៀល, ៤-លោក ស៊ិន សុក្រី និងភរិយាលោកស្រី សារី រ៉ាវី រស់នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ជួយឧបត្ថម្ភអង្ករ៣បាវ ស្មើនឹង១៥០គីឡូក្រាម ថវិកា១៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះដែរ លោក អៀម សុវណ្ណារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម តាមបញ្ជាថ្នាក់លើ ក៏បានចុះមកពិនិត្យស្ថានភាពប្រជាពលរដ្ឋក្រីក្រខាងលើ និងបានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា៖

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ខ្សាមរបស់លោកពិតជាក្រីក្រពិតមែន និងគ្រួសារឈ្មោះ យ៉ាម៉ា វន្នី ពិតជាអត់ដីអត់ផ្ទះរស់នៅពិតប្រាកដមែន។ ប្រជាពលរដ្ឋក្រីក្រទាំង៣គ្រួសារ ក្រោយពេលទទួលបាន អំណោយសប្បុរសធម៌ ពីសប្បុរសជនខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនខាងលើ និងជូនពរដល់សប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ និងមានជ័យជម្នះគ្រប់ការងារ និងភារកិច្ច៕ ដោយ ៖ ពៅ សុខហ៊ាន



ចែករំលែកព័តមាននេះ