រាជធានីភ្នំពេញ៖ តាមគម្រោង វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្មានថ្ងៃខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ប៉ុន្តែ ដោយសារជំងឺកូវីដ១៩ បន្តកូរវឹកពេញពិភពលោកមិនទាន់ធូរស្រាលនោះ បានធ្វើឲ្យវាគ្មិនអន្តរជាតិដែលត្រូវចូលរួមកម្មវិធីនេះសូមលើកពេលពេលា។

សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីនោះ បានជូនដំណឹងថាដំណឹងនៅថ្ងៃទី២៨កក្កដានេះ ថា ការពន្យាពេលរៀបចំវេទិកាស្រូវអង្ករលើកទី៧នេះ ដោយសារស្ថានភាព នៃការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី កំពុងរីកសាយភាយ និងបង្កភាពភ័យខ្លាច ដល់ប្រជាជននៅលើពិភពលោក ដែលក្នុងនោះបាន រារាំងដល់ការធ្វើដំណើរជាអន្តរជាតិ និងការជួបជុំប្រមូលផ្ដុំ មនុស្សក្នុងចំនួនច្រើន។

សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងបន្ថែមថាការលើកពេលនេះ ក៍ដោយសារ មានសំណើសុំលុបការចូលរួមនៅក្នុងវេទិកា ពីសំណាក់វាគ្មិនអន្តរជាតិ និងអ្នកទិញ មួយចំនួនធំ និងសំខាន់ៗ ជាពិសេសមកពីប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅអាស៊ាន និងអឺរ៉ុប។ម្យ៉ាងទៀតការលើកពេលនេះធ្វើឡើងតាម សំណូមពរពីសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចង់ឱ្យការរៀបចំនេះ ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អ។

វេទិកាស្រូវអង្ករកម្ពុជា រៀបចំធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ រវាងអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ សំដៅស្វែងរកដំណោះស្រាយនានាដល់បញ្ហាប្រឈម ពិសេសការធ្វើទំនើបកម្មវិស័យស្រូវអង្ករនៅកម្ពុជា។

ជាទូទៅក្នុងវេទិកានេះ តែងតែមានការធ្វើបទបង្ហាញពិភាក្សាស្តីពីប្រធានបទសផ្សេងៗ ដែលទាក់ទងនឹងគោលនយោបាយ និងការធ្វើទំនើបកម្មវិស័យស្រូវអង្ករនៅកម្ពុជា និន្នាការទីផ្សារអង្ករអន្តរជាតិ និងការធ្វើទំនើបកម្មស្រូវអង្ករកម្ពុជា (Cambodia Rice Modernization) នៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ និងបទបង្ហាញដទៃទៀត ទាក់ទងនឹងស្តង់ដារ ការកាត់បន្ថយថ្លៃដើម ការបង្កើនផលិតភាព និងជំរុញការនាំចេញឱ្យស្របតាមគោលនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា ជាដើម។
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការជម្រាបជូនជាសាធារណៈម្ដងទៀត បើមានកាលបរិច្ឆេទថ្មី ក្នុងការរៀបចំវេទិកាវេទិកាស្រូវអង្ករកម្ពុជា លើកទី៧នេះនោះ៕
ចែករំលែកព័តមាននេះ