រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍បឹងទំពុន២ បានចាប់ឃាត់ខ្លួនជន២នាំយកទៅឱ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការសាកសួរ បន្ទាប់ពីក្រុមជននេះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជាអ្នកលក់ទំនិញតាមអនឡាញ ខណៈកំពុងជិះម៉ូតូកង់បីកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅមុខ ភោជនីយដ្ឋានរ៉ូយ៉ាល់ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

នារីជាម្ចាស់ទូរស័ព្ទឈ្មោះ ទីទី អាយុ២១ឆ្នាំ ស្នាក់នៅបុរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចំណែកជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ កុល កែវពេជ្រ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះ នាង ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាជាងថ្នាំ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ជាអ្នកធ្វើសកម្មភាពឆក់ ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស
លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១HX- ៥៣៦៤ ជារបស់ជនសង្ស័យ និងទូរស័ព្ទដៃ ម៉ាកអាយហ្វូនពណ៌ក្រហម១គ្រឿងជារបស់ជនរងគ្រោះ ។

នារីម្ចាស់ទូរស័ព្ទនិយាយថា នាងជិះម៉ូតូកង់បីចេញពីផ្ទះនៅចំការដូង ខណ្ឌដង្កោ គោលបំណងទៅជួបមិត្តភក្ដិនៅហាងមួយនៅបឹងត្របែក ដោយធ្វើដំណើរតាមផ្លូវលេខ២៧១ ពីខាងជើង
ទៅខាងត្បូង ។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែមានជន២នាក់ ជិះម៉ូតូស៊ុយហ្សុ៊យគីនិច
ពណ៌សលាយខៀវ មកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាងម៉ាកអាយហ្វូនបានសម្រេច ហើយក៏បន្ថែមល្បឿនម៉ូតូះបត់ត្រឡប់ក្រោយវិញ ។
ពេលនោះ នាងស្រែកថាចោរៗនិងឲ្យអ្នកបើកម៉ូតូកង់បីដេញតាម រហូតមកដល់ផ្លូវបេតេអត់លេខ កែងនឹងផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ជួបនឹងកម្លាំងនគរបាលល្បាតប៉ុស្តិ៍បឹងទំពុនទី២ ក៏ត្រូវបានឃាត់ខ្លួនទាំង២នាក់ និងដកហូតទូរស័ព្ទបានមកវិញ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានហើយ សមត្ថកិច្ចសាកសួរដឹងថាករណីនេះកើតឡើងនៅទឹកដីសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏នាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារ
ដើមថ្កូវដើម្បីសាកសួរ និងដឹងថាពួកគេធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣ដងហើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានប្រគល់ទូរស័ព្ទទៅឲ្យម្ចាស់វិញ ៕




ចែករំលែកព័តមាននេះ