ប្រទេសវៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានសម្រេចចិត្តដាក់ទណ្ឌកម្មទ្វេដងលើអាជ្ញាកណ្តាលលោក Mai Xuan Hung បន្ទាប់ពីបង្កកំហុសជាបន្តបន្ទាប់ នៅក្នុងការប្រកួត V.League 1 កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ។

ដំបូងឡើយអាជ្ញាកណ្តាលរូបនេះ បានប្រឈមនឹងការព្យួរមិនឱ្យកាត់សេចក្តីចំនួន ៣ប្រកួត ប៉ុន្តែបន្ទាប់ពិនិត្យលើកំហុសរបស់លោក VFF បានសម្រេចបានបន្ថែមដល់ ៦ប្រកួត។

លោក Hung បានបង្កកំហុសធំៗ ដែលជះឥទ្ធិពលដល់ការប្រកួត បន្ទាប់ពីបដិសេធមិនផ្តល់បាល់ប៉េណាល់ទីចំនួន២លើកដល់ក្រុម Nam Dinh បន្ទាប់ពីកីឡាកររបស់ក្រុម Sai Gon បានប្រព្រឹត្តកំហុសដោយដៃប៉ះបាល់នៅក្នុងប្រអប់គ្រោះថ្នាក់។ ជាលទ្ធផលក្រុម Nam Dinh បានចាញ់ការប្រកួតដោយលទ្ធផល ៣-០។

ការព្យូរចំនួន ៦ប្រកួតសម្រាប់លោក Hung គឺជាទណ្ឌកម្មពី VFF ធ្ងន់ជាងគេនៅរដូវកាលនេះ។ដោយកន្លងមកអាជ្ញាកណ្តាលលោក Vu Phuc Hoan ក៏ត្រូវបានព្យួរមិនឱ្យកាត់សេចក្តីចំនួន ៤ប្រកួតផងដែរ បន្ទាប់ពីបង្កកំហុសជាច្រើន ដែលប៉ះពាល់ដល់ការប្រកួតរវាងក្រុម Nam Dinh និងក្រុម Hai Phong កាលពីថ្ងៃទី២៣ ខែមិថុនាផងដែរ៕ (ដកស្រង់ចេញពី vnexpress)

ចែករំលែកព័តមាននេះ