រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ០៧នាក់ ដែលបានប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ពាក់ព័ន្ធនឹងការសម្រេចដាក់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែមន្ត្រីទាំង០៧នាក់នោះ បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ: និងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងបង្កឲ្យមានរបួសស្នាមដល់ជនសង្ស័យ បន្ទាប់ពីពួកគេបានប្រើហិង្សា និងទារយកលុយ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន ។
មន្ត្រីនគរបាលខេត្តព្រៃវែង ទាំង០៧នាក់ ដែលផ្អាកការងារបណ្តោះអាសន្ន រួមមាន ៖
១. ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
២. វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន។
៣. អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ។
៤. អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក នៃការិយាល័យប្រឆាំងគ្រឿងញៀន។
៥. អនុសេនីយ៍ឯក ហែង ចាន់រតនា មន្ត្រី នៃការិយាល័យប្រឆាំងាំងគ្រឿងញៀន។
៦. អនុសេនីយ៍ឯក សៀន ចាន់ធឿន មន្ត្រី នៃការិយាល័យប្រឆាំងាំងគ្រឿងញៀន។
៧. អនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន។
សូមជម្រាបថា កាលពីវេលាម៉ោង ០៨និង៣០នាទី យប់ថ្ងៃទី២០ កក្កដា ២០២០ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបាន បានចាប់ជនសង្ស័យ២នាក់ មានឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ។
ជនសង្ស័យបានរបួសហើមក្បាល ជាំភ្នែក ខៀវ ហើមខ្លួននិងដៃជើង ពួកគេបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះ រួចវាយក្បាលពួកគេ និងហៅបក្ខពួក មកព្រួតគ្នាចាប់វ៉ៃ ក្រៀកយកទៅការិយាល័យធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរ និងការដោះលែងវិញ ។ ជនដៃដល់ត្រូវបានគេស្គាល់ថា លោកអនុសេនីយ៍ឯង ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង ។
ក្រោយពីបែកធ្លាយរឿងរ៉ាវខាងលើនេះ នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែងបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង ៕







ចែករំលែកព័តមាននេះ