រដ្ឋបាលខណ្ឌព្រែកព្នៅចុះដោះស្រាយទំនាស់ដីធ្លីនៅវត្តសុវណ្ណធម្មរាជ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅបានបើកវេទិការសាធារណៈ ដើម្បីឈានទៅរកដំដោះស្រាយទំនាស់ដីធ្លីទំហំ៥៧.២៥៦ម៉ែត្រ ដែលស្ថិតនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលមានទំនាស់រុាំរ៉ៃជាយូរមកហើយ រវាងគណៈកម្មាការវត្តសុវណ្ណធម្មរាជ និងលោកឆេង សុវណ្ណរិទ្ធី ។

វេទិការសាធារណៈ ដើម្បីឈានទៅរកដំដោះស្រាយទំនាស់ដីធ្លីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២០ នៅសាលាសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសុខ សម្បត្តិ អភិបាលនៃគណះអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ ភាគីខាងទំនាស់ទាំងពីរ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។វេទិការនេះដែរក៏បានណែនាំអោយភាគីទាំងពីរយកយកឯកសារពាក់ព័ន្ធមកបង្ហាញជូន គណៈកម្មាការ ដើម្បី ធ្វើការដោះស្រាយ ព្រមទាំងយកសាក្សី ដែលបានទិញ-លក់ដីនោះ ផ្ទាល់មកអំណះអំណាងផងដែរ ។

តាមប្រភពពីអាជ្ញាធរខណ្ឌព្រែកព្នៅបានអោយដឹងថា ការបើកវេទិការសាធារណៈនេះ ធ្វើឡើងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៣៨៩/២០ លសអ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីអោយភាគីនីមួយៗបង្ហាញឯកសារ ដែលមានតាមផ្លូវច្បាប់ សម្រាប់ឈានទៅរកដំដោះស្រាយដ៍ប្រសើរ។

តាមប្រភពពីលោកស៊ិន សុខុម ប្រធានគណៈកម្មាការវត្តសុវណ្ណធម្មរាជ បានអោយដឹងថា ដីទំនាស់ខាងលើនោះជាដីវត្តដែលគណៈកម្មាការបានទិញពីអ្នកស្រុកចំនួន៥ម្ចាស់ ដោយពុំមានឯកដឹងឬពីអាជ្ញាធរនោះទេ ។ ចំណែកលោកឆេង សុវណ្ណរិទ្ធី បានអោយដឹងថា ដីនោះ ជាដីរបស់គាត់ដែលគាត់បានទិញ ដោយស្របច្បាប់ពីឈ្មោះ រស់ សារិន តាំងពីឆ្នាំ ២០១៦ ដោយមានអាជ្ញាធរ សង្កាត់ ខណ្ឌ ដឹងឮ ។ បន្ទាប់ពីទិញ គាត់ក៍បានស្នើសុំទៅអាជ្ញាធរខណ្ឌព្រែកព្នៅធ្វើការឈូសឆាយព្រៃ និងសំអាតដីពុះដោយពុំឡូតិ៍លក់ ស្រាប់តែ
គណៈកម្មវត្ត ប្តឹងទាស់អះអាងថា ជាដីរបស់វត្តទៅវិញ ។ នៅព្រឹកនោះ គេឃើញភាគី ទំនាស់ទាំងនេះ ក៍បានយកឯកសាររបស់ខ្លួនមកបង្ហាញនៅមុខគណៈកម្មការវេទិកា ។

តាមប្រភពពីគណៈកម្មការបានអោយ ដឹងថា នៅក្នុងការបង្ហាញឯកសារ ភាគី ខាងគណះកម្មការវត្តពុំមានឯកសារ ត្រឹមត្រូវតាមផ្លូវ ច្បាប់នោះឡើយ ។ដោយឡែក ចំពោះភាគី លោក ឆេង សុវណ្ណរិទ្ធី ដែលបានកាន់កាប់ដីទំនាស់នោះ មានឯកសា ផ្ទេរសិទ្ធិ ត្រឹមត្រូវ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានអោយដឹងថា ការបើកវេទិការសាធារណៈ នៅពេលនេះ ដើម្បីឈានទៅរកដំណោះស្រាយមួយ ជាក់ស្តែងព្រោះនៅមានទំនាស់គ្នា ពាក់ព័ន្ធដីវត្ត បើសិននៅភាគីណាមួយ ដឹងខ្លួនពុំមានឯកសារត្រឹមគួរធ្វើការសម្របសម្រួលដកខ្លួន ។ ទោះបីយ៉ាងណា លោកអភិបាល ក៍បានស្នើរអោយ ប្រជាពលរដ្ឋ ព្រះសង្ឃ រង់ចាំអនុវត្តតាមការសម្រេច សេចក្តីពីស្ថាបនតុលាការសិន ។

លោកសុខ សម្បិត្តិ ក៍បានអោយដឹងថា បន្ទាប់ពីចប់វេទិកា គណៈកម្មាការ នឹងធ្វើរបាយការណ៍មួយទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការ ៕ (កែសម្រួលដោយ ៖ ធីតា)













ចែករំលែកព័តមាននេះ