សហរដ្ឋអាមេរិក ៖ ជាជាងធ្វើឲ្យសេដ្ឋកិច្ចជាប់គាំង ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានផ្ដោតលើការរកឃើញដោយឆាប់រហ័សវ៉ាក់សាំងនិងថ្នាំសម្រាប់ ទប់ការឆ្លងរាលដាលនៃវីរុសCOVID-19 ដែលឆ្លងដល់ប្រជាជនអាមេរិកជាងកន្លះលាននាក់អំឡុងពេលត្រឹមតែ ៨ថ្ងៃចុងក្រោយ ហើយក៏សូម្បីទីប្រឹក្សាសន្តិសុខជាតិរបស់លោកក៏ឆ្លងវីរុសនោះដែរ។
ដោយប្រឆាំងនឹងរាល់់វិធានការរិតត្បិតបង្ខាំងមនុស្ស ខណៈជិតដល់ពេលបោះឆ្នោតប្រធានាធិបតី លោកត្រាំចង់ចាកចេញពីវិបត្តិសុខាភិបាល ដោយពឹងផ្អែកលើសមត្ថភាពផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលប្រឆាំងវីរុសរបស់អាមេរិក។ នាថ្ងៃទី២៧កក្កដា លោកបានទៅកាន់ទីតាំងផលិតវ៉ាក់សាំងមួយ នៅរដ្ឋការ៉ូលីនខាងជើងគឺទីតាំងក្រុមហ៊ុន NOVAVAXជាក្រុមហ៊ុនជីវៈបច្ចេកទេសមួយ ទទួលទុនវិនិយោគដល់ទៅ១,៦ពាន់លានដុល្លារពីរដ្ឋការលោកត្រាំសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងវីរុស។

ដោយពាក់ម៉ាសការពារពណ៌ខ្មៅ លោកត្រាំបានទៅពិនិត្យមន្ទីរពិសោធន៍នោះ ដែលនោះជាការចេញក្រៅរបស់លោកដោយពាក់ម៉ាសជាលើកទី២ អំឡុងពេល២សប្ដាហ៍មកនេះ។ លោកវាយតម្លៃថា សហរដ្ឋអាមេរិកសង្ឃឹមមុតមាំថាអាចផលិតបានវ៉ាក់សាំងនាចុងឆ្នាំនេះ។
សរុបសហរដ្ឋអាមេរិកបានចំណាយប្រាក់ដល់ទៅ ៦,៣ពាន់លានដុល្លារចាប់តាំងពីខែមីនាមក សម្រាប់គម្រោងផលិតវ៉ាក់សាំងនិងឱសថដែលមានការប្រកួតប្រជែងគ្នា របស់ក្រុមហ៊ុន៤។ រួចកាលពីថ្ងៃទី២២កក្កដា សហរដ្ឋអាមេរិកបានបញ្ជាទិញទុកមុន វ៉ាក់សាំងប្រឆាំងវីរុសចំនួន១០០លានដូស ដែលវ៉ាក់សាំងនោះផលិតដោយក្រុមហ៊ុនអាល្លឹម៉ង់និងអាមេរិក គឺក្រុមហ៊ុនBIONTECHនិងក្រុមហ៊ុនPFIZER។
សហគ្រាសទាំង២នោះក្នុងសេចក្ដីប្រកាសមួយគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានឈានទៅបញ្ជាទិញទុកមុន វ៉ាក់សាំងចំនួនដល់ទៅ១០០លានដូស ដែលមានទឹកប្រាក់រហូតដល់១,៩៥ពាន់លានដុល្លារ ហើយនឹងអាចទិញបន្ថែមរហូតដល់៥០០លានដូសទៀត គម្រោងវ៉ាក់សាំងផលិតដោយក្រុមហ៊ុនអាល្លឹម៉ង់BIONTECHនិងក្រុមហ៊ុនអាមេរិកPFIZER។ មន្ទីរពិសោធន៍ទាំង២គ្រោងផលិតវ៉ាក់សាំង១០០លានដូសនាចុងឆ្នាំនេះ។
មេដឹកនាំអាមេរិកដែលហៅប្រតិបត្តិផលិតវ៉ាក់សាំងមួយឲ្យបានឆាប់បំផុតថា ប្រតិបត្តិការ WARP SPEEDដែលមានន័យថាលឿនបំផុតជាងល្បឿនពន្លឺ ហើយលោកមិនលាក់បាំងឡើយដែលវ៉ាក់សាំងផលិតបានគឺសម្រាប់អាមេរិកមុនគេ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ