អគ្គិភ័យឆាបឆេះផ្ទះលោកផ្កាយ១ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះគ្រឿងក្នុងផ្ទះលោកផ្កាយ១ម្នាក់ បណ្តាលឱ្យរងការខូចខាតសាឡុង និងសម្ភារជាច្រើនទៀត ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសង្ស័យថា ពេលម្ចាស់ផ្ទះចេញទៅធ្វើការ មិនបានបិទបារ៉ែតឱ្យបានត្រឹមត្រូវ ទើបមានករណីទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះបែបនេះតែម្តង ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤៤នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ផ្ទះកើតហេតុខាងលើមានទំហំ១០ម៉ែត្រគុណនឹង១៥ម៉ែត្រ មានម្ចាស់ឈ្មោះរ៉យ ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ផ្កាយ១មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះមិនបាននៅនោះទេ ដោយចេញទៅធ្វើការបាត់ ដោយមានចាក់សោទ្វារផ្ទះផងដែរ ហើយត្រូវបានគេសង្ស័យថា ទុស្សេខ្សែភ្លើងនៅផ្ទះជាន់ផ្ទាល់ដី បង្កជាអគ្គិភ័យឆាបឆេះសាឡុង និងសម្ភារជាច្រើនទៀត ព្រមទាំងមានផ្សែងហុយ បង្កការភ្ញាក់ផ្អើលអ្នកជិតខាងនាំគ្នាវាយកញ្ចក់ទ្វារបង្អួច ដើម្បីជះទឹកពន្លត់ ក្នុងហេតុការណ៍នោះដែរក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចុះមកជួយអន្តរាគមន៍ពន្លត់ផងដែរ ទើបភ្លើងបានរលត់ទៅវិញ ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលផ្ទះកើតហេតុខាងលើត្រូវអគ្គិភ័យឆាបឆេះ ដោយនៅលើកទី១ កាលពីឆ្នាំ២០១៩ មានករណីទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះត្រង់ចំណុចដដែលនោះដែរ ខណៈម្ចាស់ផ្ទះមិននៅ ។ ដោយឡែក ករណីអគ្គិភ័យឆាបឆេះលើកទី២នេះមានសភាពធ្ងន់ធ្ងរជាងលើកទី១ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)



















ចែករំលែកព័តមាននេះ