ហុងកុង ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ទីក្រុងហុងកុង នឹងរឹតបន្តឹងលើការពាក់ម៉ាសនៅទីសាធារណៈ ហើយក៏ដាក់កំហិតមិនឱ្យមានការជួបជុំលើសពី២នាក់ ខណៈដែលមន្ត្រីនៅក្នុងទីក្រុងនេះ បានកំពុងតែដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩។
កាលពីថ្ងៃច័ន្ទ លោក Matthew Cheung អគ្គលេខាធិការហុងកុង បានប្រកាសថា ការពាក់ម៉ាសនៅទីសាធារណៈ គឺជាការចាំបាច់ ទាំងនៅក្នុងអគារបិទជិត និងនៅខាងក្រៅមានខ្យល់អាកាស ចាប់ពីថ្ងៃពុធ ដោយជនល្មើសនឹងប្រឈមនឹងការពិន័យរហូតដល់ ៥,០០០ ដុល្លារហុងកុង (៦៤៥ ដុល្លារអាមេរិក)។ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ច្បាស់ពីរបៀបនៃការអនុវត្តការផាកពិន័យនៅឡើយទេ។

លោកបានបន្ថែមថា អ្នកដែលមានមូលហេតុមិនពាក់ម៉ាសសមហេតុផល ដូចជាលក្ខខណ្ឌសុខភាព ឬកុមារអាយុក្រោម២ឆ្នាំ នឹងត្រូវបានលើកលែង។
លោក Cheung ក៏បានប្រកាសថា រដ្ឋាភិបាលកណ្តាលចិននឹងជួយសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន តាមបែបរបស់ Wuhan ក្បែរអាកាសយានដ្ឋានហុងកុង ដែលមានគ្រែមន្ទីរពេទ្យប្រហែល ២,០០០គ្រែ។
ការដាក់កំហិតនេះ បានកើតឡើងនៅពេលដែលទីក្រុងនេះ ប្រឈមនឹងការផ្ទុះឡើងនៃមេរោគ ដែលត្រូវបានគេហៅថា ការឆ្លងក្នុងស្រុករលកទី៣ ជាមួយនឹងប្រភពដើមនៃការឆ្លងជាច្រើនដែលមិនទាន់ដឹងនៅឡើយ។
ហុងកុង ត្រូវបានគេសរសើរថា ទទួលបានជោគជ័យទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ នាពេលកន្លងមក។ ទោះយ៉ាងណា នៅថ្ងៃច័ន្ទនេះ អាជ្ញាធរហុងកុងបានរាយការណ៍អំពីករណីថ្មីចំនួនជាង ១០០ករណីក្នុងមួយថ្ងៃ ៦ថ្ងៃជាប់ៗគ្នា ដែលធ្វើឱ្យចំនួនឆ្លងសរុបនៃទីក្រុងមានដល់ទៅជាង ២៧០០ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ