រាជធានីភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះកម្ពុជាបានរកឃើញនូវករណីវិជ្ជមានកូវីដ ១៩ ក្នុងចំនួនច្រើនរហូតរាជរដ្ឋាភិបាលត្រូវសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដោយអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហាខាងមុខនេះ ។ ទន្ទឹមនឹងនេះ ក៏មានការលើកជាសំណួរឡើងថា តើរដ្ឋគួរលើកពេលការឈប់សម្រាកដែលសងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក នាពេលខាងមុខវិញទេដើម្បីបង្ការកូវីដ១៩នោះ?

នេះជាសំណួរដែលបានលើកឡើងនៅពេលមានការរកឃើញករណីវិជ្ជមានថ្មីៗបន្តបន្ទាប់នៅកម្ពុជា។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានឆ្លើយសំណួរនេះយ៉ាងដូច្នេះថា «ជាការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ហើយក្រសួងសុខាភិបាលក៏បានសម្រេចបិទជើងហោះហើរ មួយរយៈសិនហើយដែរ។ យើងត្រូវតាមដានស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាបន្តទៀត ប្រសិនបើមានហេតុការណ៍អ្វីដែលតម្រូវឲ្យគិតគូរពីវិធានការបន្ថែមនោះ ក្រសួង នឹងពិចារណាទៅតាមស្ថានភាពនៅពេលនោះទៀត» ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ថា ការបញ្ជៀសការចម្លង សំខាន់បំផុតនោះ គឺការអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន ដូចលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។ គ្រប់ទីកន្លែង ត្រូវតែរក្សាអនាម័យឲ្យបានល្អ ជាពិសេសនៅតាមរថយន្ត សណ្ឋាគារ អាហារដ្ឋាន និងភោជនីយដ្ឋាន។

រដ្ឋាភិបាលបានសម្រេចឲ្យមន្ត្រីរាជការនិងបុគ្គលិកឯកជនឈប់សម្រាប់ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហាខាងមុខនេះជំនួសការដែលមិនបានឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីខែមេសា។ ការឈប់៥ថ្ងៃខាងមុខចំពេលដែលកម្ពុជាបានរកឃើញអ្នកវិជ្ជមានបន្តបន្ទាប់ ហើយការរាតត្បាតជំងឺកូវីដ១៩នៅក្នុងពិភពលោក និងប្រទេសជិតខាងកម្ពុជា កាន់តែមានភាពខ្លាំងក្លាឡើង។
មកដល់ ថ្ងៃទី ២៨ កក្កដានេះកម្ពុជាបានរកឃើញករណីវិជ្ជមានដល់ចំនួន១៤៧នាក់ក្នុងនោះអ្នកជាសះស្បើយចំនួន២២៦ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន៧៩នាក់។
មួយជាមួយសំណួរថា តើគួរលើកពេលឈប់សម្រាកខាងមុខវិញឬយ៉ាងណានោះ ក្រសួងស្ថាប័នពាន់ព័ន្ធមានក្រសួងសុខាភិបាល ក្រសួងទេសចរណ៍និងក្រសួងមហាផ្ទៃជាដើម បានដាស់តឿនពលរដ្ឋ អាជ្ញាធរ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រថយន្តសាធារណៈ ជាដើមឲ្យរឹតបន្តឹងការអនុវត្តវិធានការរបស់ក្រសួងឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យមានការឆ្លងរីករាល់ជំងឺកូវីដ១៩ដល់សហគមន៍។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា «កម្ពុជាមិនត្រូវមើលរំលងលទ្ធភាពការឆ្លងចូលទៅក្នុងសហគមន៍ឡើយ»។ លោកស្រី បានបន្ថែមថា «ខ្ញុំធ្លាប់បានពន្យល់ច្រើនលើកមកហើយ ដែរពីវិធានការការពារដែលពលរដ្ឋត្រូវអនុវត្ត កាត់បន្ថយនៅការធ្វើដំណើរ ឲ្យបានជាអតិប្បរិមា និងចៀសវាងការជួបជុំគ្នាច្រើន ដើម្បីសុខសុវត្ថិភាពមិនមានការចម្លងពីបុគ្គលម្នាក់ទៅម្នាក់។ អនុវត្តការរស់នៅធម្មតា តាមបែបគន្លងថ្មី និងត្រូវចេះរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ដោយមិនឲ្យមានការចម្លងមកបុគ្គល មកក្រុមគ្រួសារខ្លួន និងមកសហគមន៍» ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ