ពេស្យាចារជាមុខរបរដ៏កាក់កបមួយនៅក្នុងទីក្រុងអាំស្ទែរដាម ប្រទេសហុល្លង់នៅក្នុងយុគសម័យឆ្នាំ១៦០០ ដោយប្រទេសហុល្លង់នាសម័យនោះអ្នកដើរតាមសមុទ្រតែងតែមករកការកំសាន្តសប្បាយនៅទីក្រុងខាងលើយ៉ាងច្រើន។ គួរបញ្ជាក់ថា ប្រទេសហុល្លង់បានចុះបញ្ជីដល់អាជីពខាងលើជាមុខរបរស្របច្បាប់កាលពី១០ឆ្នាំមុន ប៉ុន្តែទើបប្រមូលពន្ធក្នុងពេលបច្ចុប្បន្ន។ លោកស្រីយានណេក វើហេកហ្គេន អ្នកនាំពាក្យនាយកដ្ឋានពន្ធដារបានឱ្យដឹងថា យើងនឹងចាប់ផ្តើមប្រមូលពន្ធទៅលើទីតាំងបនស្រីដែលមានទំហំធំ ក្រោយមកក៏បន្តទៅទីតាំងបំរើសេវាកម្មផ្លូវភេទខ្នាតតូច។ សំរាប់សកម្មភាពលើកនេះបានបង្កឱ្យកើតមានការប្រឆាំងនៅក្នុងក្រុមស្ត្រីពេស្យា និងផ្នែកខ្លះទៀតក៏បារម្ភថា តើច្បាប់ខាងលើអាចចូលជាធរមានបានឬអត់?
នាងសាម៉ង់តា ដែលមានអាជីពជាអ្នកបំរើផ្លូវភេទក្នុងទីក្រុងអាំស្ទែរដាមនិយាយថា ចាត់ទុកថា ជារឿងល្អមួយដែលពួកគេធ្វើបែបនេះ ហើយវាក៏ជាមុខរបរមួយដូចគ្នា និងយើងក៏គួរបង់ពន្ធ។ នាងបានបង់ពន្ធអស់រយៈជាច្រើនឆ្នាំមកហើយ និងមានអារម្មណ៍ថា ខ្លួនកំពុងមានការប្រកួតប្រជែងដោយអយុត្តិធម៌ជាមួយស្ត្រីផ្សេងដែលមិនបានបង់ពន្ធ ដែលមនុស្សភាគច្រើន(ស្ត្រីពេស្យា) ភៀសខ្លួនមកពីតំបន់អឺរ៉ុបខាងកើត។ ទោះជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍កន្លងមកកាសែតក្នុងស្រុកបានផ្សព្វផ្សាយទិន្នន័យដែលបញ្ជាក់ពីអាជ្ញាធរហុល្លង់ថា អាជីពជាស្ត្រីពេស្យាត្រូវតែឈានចូលក្នុងប្រព័ន្ធបង់ពន្ធដូចអាជីពផ្សេង និងបានបញ្ជាក់ថា ម្ចាស់មុខជំនួញ និងស្ត្រីពេស្យាដាក់តាំងក្នុងទូកញ្ចក់ក្នុងក្រុងអាំស្ទែរដាម ត្រូវបង់ពន្ធដោយផ្ទាល់។
តាមទិន្នន័យរបស់វិទ្យាស្ថានស្ថិតិជាតិបានធ្វើការប៉ាន់ប្រមាណថា អាជីពជាស្ត្រីពេស្យាអាចរកចំណូលបានច្រើនជាង៦៦០លានយូរ៉ូ ក្នុងមួយឆ្នាំ បើគិតជាចំណូលមធ្យមមានប្រហែល៥០យូរ៉ូ ក្នុងម្នាក់ពីប្រជាជនសរុប១៦លាននាក់នៅក្នុងប្រទេសហុល្លង់។ ក្នុងច្បាប់របស់ហុល្លង់អ្នកបំរើសេវាកម្មផ្លូវភេទ(ពេស្យាចារ)នឹងត្រូវកាត់ពន្ធក្នុងអត្រា១៩%ពីថ្លៃសេវាកម្មធម្មតា៥០យូរ៉ូ ក្នុងការធ្វើសេវាកម្មរយៈពេល១៥នាទី។ ក្រៅពីនេះ ប្រាក់ចំណូលក្រោយពីកាត់ពន្ធចាត់ទុកថា ជាប្រាក់ចំណូលរបស់អ្នកបំរើសេវាកម្ម(ពេស្យា)។ សំរាប់អ្នកដែលមានចំណូលទាបជាង១៨.០០០យូរ៉ូក្នុងមួយឆ្នាំនឹងត្រូវកាត់ពន្ធ៣៣% និងអ្នកមានចំណូលច្រើនជាង៥៤.០០០យូរ៉ូ ក្នុងមួយឆ្នាំត្រូវកាត់ពន្ធដល់ទៅ៥២%។
តាមលទ្ធផលអង្កេតកាលពីខែតុលាកន្លងមកឃើញថា នៅក្នុងទីក្រុងអាំស្ទែរដាមមានស្ត្រីពេស្យាជិត៨.០០០នាក់ និង៣.០០០នាក់ផ្តល់សេវាកម្មជ្រើសរើសតាមទូកញ្ចក់ ខណៈដែលស្ថាប័នប្រមូលទិន្នន័យធ្វើការអង្កេតខាងលើមានជំនឿថា ៤០%នៃស្ត្រីពេស្យាក្នុងទូកញ្ចក់បានចូលក្នុងប្រព័ន្ធបង់ពន្ធរួចជាស្រេច ៕
ចែករំលែកព័តមាននេះ