តេជោនាយករដ្ឋមន្ត្រី ខេត្តបាត់ដំបង ៖ យុត្តិធម៌នៅឯណា? ដល់ពេលអនុវត្តអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល និងពាក្យសច្ចាប្រណិធាន ការវៀរចាកនូវអគតិធម៌ទាំង៤គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់នៅមុនពេលខ្លួនចូលកាន់តំណែង។ នេះជាការលើកឡើងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សម ប៊ុនថុន ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន ដែលត្រូវបានតែងតាំង ជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង, លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការ មួយចំនួនទៀត។

លោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានឡើងរាយការណ៍ពីសកម្មភាពកន្លងមក និងប្តេជ្ញាចិត្តអនុវត្តលើកស្ទួយយុត្តិធម៌បន្តទៅទៀត ហើយបន្ទាប់មក លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា សូមអបអរសាទរ និងរួមសហការគ្នាផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋ និងរក្សាធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ឲ្យកាន់តែមានភាពប្រសើរឡើង បន្ថែមទៀត។

បន្ទាប់មកលោក កើត រិទ្ធ បានថ្លែងថា សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្ត្រ នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងបន្តឲ្យដំណើរការនៅខេត្តព្រះសីហនុបន្តទៀត ហើយខេត្តបាត់ដំបងនេះត្រូវទទួលសំណុំរឿងក្នុងតំបន់មានមកពីខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិសាត់។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំថា លោក សម ប៊ុនថុន ដែលទើបចូលកាន់តំណែងជាផ្លូវការជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ក៏ដូចជាលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាឧទ្ធរណ៍បាត់ដំបង, មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល កម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម, លើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ ហើយក្នុងស្មារតីនេះ លោករដ្ឋមន្ត្រី បានបន្តក្រើនរំលឹក និងណែនាំដល់ប្រធានសាលាឧទ្ធរណ៍បាត់ដំបង, អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់នៅតាមសាលាជម្រះក្តីនានានៅទូទាំងប្រទេស ដូចខាងក្រោម៖

ទី១/- ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាព សាលាជម្រះក្តី។ ទី២/- ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាព ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគតិធម៌ទាំង ៤គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចា ប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

ទី៣/- ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

ទី៤/- ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

ទី៥/- ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ចុងក្រោយលោករដ្ឋមន្ត្រីបានបន្ថែមថា «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត»៕ ដោយ ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ