ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ​ឆ្នើម Leighton Baines សម្រេច​ព្យួរ​ស្បែក​ជើង​ពី​ពិភព​បាល់ទាត់

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែការពារ Leighton Baines របស់​ក្រុម Everton បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ជា​ផ្លូវការ បន្ទាប់​ពី​បង្ហាញខ្លួន​លើក​ចុង​ក្រោយ សម្រាប់​ការ​ប្រកួត​បិទ​រដូវ​កាល​ក្នុង​ក្រប​ខណ្ឌ…

ប្រទេស​អង់គ្លេស ៖ ខ្សែការពារ Leighton Baines របស់​ក្រុម Everton បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ជា​ផ្លូវការ បន្ទាប់​ពី​បង្ហាញខ្លួន​លើក​ចុង​ក្រោយ សម្រាប់​ការ​ប្រកួត​បិទ​រដូវ​កាល​ក្នុង​ក្រប​ខណ្ឌ Premier League កាលពី​យប់​ថ្ងៃអាទិត្យ​។

អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Baines ដែល​បាន​ចំណាយពេល ១៣​ឆ្នាំ​ជាមួយ​ក្រុម Everton បាន​សម្រេច​ព្យួរ​ស្បែកជើង​របស់​ខ្លួន បន្ទាប់​ពី​បង្ហាញខ្លួន​បាន ២០​នាទី​ក្នុង​ការ​ប្រកួត​ដែល Everton បរាជ័យ ៣-១ ទល់​នឹង​ក្រុម Bournemouth នៅ​កីឡដ្ឋាន Goodison Park​។

Baines បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Everton ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​ជា​ផ្នែក​មួយ​ក្នុង​ក្រុម Everton អស់​រយៈពេល ១៣​ឆ្នាំ​។ ហើយ​វា​គឺ​រឿង​ដ៏​លំបាក​ក្នុង​ការ​សម្រេចចិត្ត​ចូល​និវត្តន៍​»​។

បុរស​វ័យ ៣៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា «​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​គ្រួសារ​ខ្ញុំ វា​គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ដើម្បី​បញ្ចប់​អាជីព​មួយ​នេះ​។ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ដូច្នេះ​ជាមួយនឹង​អនុស្សាវរីយ៍​ដ៍​ល្អ​ៗ​ជា​ច្រើន នៅ​ក្លិប​បាល់ទាត់​ដ៏​មាន​មោទនភាព​នេះ​។ ហើយ​វា​ជា​កិត្តិយស​ណាស់ ដែល​បាន​ចូលរួម​ជា​សមាជិក​ក្លិប​អស់​រយៈពេល​ជា​យូរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រាល់គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ ជា​ពិសេស​អ្នកគាំទ្រ​ដ៍​ភាព​អស្ចារ្យ​របស់​យើង​»​។

សូម​រំលឹក​ថា Leighton Baines បាន​បង្ហាញខ្លួន​ចំនួន ៤២០​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៣៩​គ្រាប់​សម្រាប់ Everton បន្ទាប់​ពី​ផ្លាស់​ពី​ក្លិប Wigan Athletic កាលពី​ឆ្នាំ​២០០៧​។ ដោយឡែក​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស រូបគេ​បង្ហាញខ្លួន​បាន ៣០​ប្រកួត និង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ផង​ដែរ​។

ម្ចាស់​អាវ​លេខ​៣​រូប​នេះ បាន​ជួយ​ឱ្យ​ក្រុម Everton បញ្ចប់​ក្នុង​នាម​ជា​ក្រុម​ជើងឯក​រង​ពានរង្វាន់ FA Cup ក្នុង​ឆ្នាំ​២០០៩​។ ហើយ​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​ល្អ​ប្រចាំឆ្នាំ​របស់​ក្រប​ខណ្ឌ Premier League ក្នុង​ឆ្នាំ​២០១២ និង ២០១៣​។ ព្រមទាំង​ត្រូវ​បាន​បោះ​ឆ្នោត​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ Everton ក្នុង​ឆ្នាំ​២០១១ និង ២០១៣ ផង​ដែរ​៕ (​ប្រភព​ពី Everton)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ