ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនលើស​ពី ១០០.០០០​ករណី

4 ឆ្នាំ មុន

ទីក្រុង​ចា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី​២៧ កក្កដា​នេះ​ថា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​ហួស​ចំនួន ១០០.០០០ នាក់​ហើយ…

ទីក្រុង​ចា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី​២៧ កក្កដា​នេះ​ថា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​ហួស​ចំនួន ១០០.០០០ នាក់​ហើយ រហូត​មក​ដល់​ពេល​នេះ គេ​ពិបាក​ទស្ស​ទាយ​ថា តើ​ពេល​ណា​នឹង​ឡើង​ដល់​កម្រិត​កំពូល ។

ឥណ្ឌូ​ណេ​ស៊ី បាន​កត់ត្រា​ចំនួន​ឆ្លង​ថ្មី ១.៥២៥​ករណី នៅ​ចន្លោះ ថ្ងៃអាទិត្យ និង​ចន្ទ នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ១០០.៣០៣ ករណី ។ ហើយ​ចំនួន​អ្នក​ស្លាប់​នៅ​ឥណ្ឌូ​ណេ​ស៊ី មាន​ចំនួន ៤,៨៣៨​នាក់ ខណៈ​ដែល​ចំនួន​អ្នកជា​សះស្បើយ​មាន ៥៨.១៧៣ នាក់ ។

៤០​ភាគរយ នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គឺ​មក​ពី​ខេត្ត​ចា​វ៉ា​ខាងកើត និង​រដ្ឋធានី​ចា​ការ​តា ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ចំណុចកណ្តាល នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រុមការងារ​(​កូ​វី​ដ​-១៩) របស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី ធ្លាប់​បាន​ព្យាករណ៍​កាលពីដើម​ខែមេសា​ថា ប្រទេស​នេះ​នឹង​កើន​លើស ១០០.០០០ ករណី នៅ​ក្នុង​ខែកក្កដា​នេះ ។ ការ​ព្យាករណ៍​កម្រិត​ខ្ពស់​បំផុត គឺ​នៅ​មិន​ទាន់​ទស្ស​ទាយ​នៅឡើយ ។

សាស្ត្រាចារ្យ​ផ្នែក​រោគរាតត្បាត​លោក Pandu Riono បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “​នៅ​ដំណាក់កាល​នេះ វា​ពិបាក​ក្នុង​ការ​ព្យាករណ៍​ថា តើ​ពេល​ណា​ការ​ឆ្លង​នឹង​ឡើង​ដល់​កម្រិត​កំពូល​នោះ​” ។

អ្នកជំនាញ​រោគរាតត្បាត និង​បុគ្គលិក​ពេទ្យ បាន​ស្តីបន្ទោស ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ គឺ​បណ្តាល​មក​ពី​ការ​បន្ធូរបន្ថយ នៃ​អ្វី​ដែល​គេ​ហៅ​ថា “​ការ​រឹត​បន្តឹង​ក្នុង​សង្គម​ជា​ទ្រង់ទ្រាយ​ធំ​” ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​រាលដាល ។

ទីក្រុង​ចា​ការ​តា បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​សង្គម​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៥ មិថុនា ខណៈ​រដ្ឋធានី​ស៊ូ​រ៉ា​បា​យ៉ា​ខាងកើត បាន​ដក​បម្រាម​របស់​ខ្លួន​ទាំងស្រុង​តែ​ម្តង នៅ​ថ្ងៃ​ទី​៩ មិថុនា ។

ក្រុម​ជំនាញ​រោគ​ឆ្លង បាន​និយាយ​ថា រដ្ឋាភិបាល​គួរតែ​បាន​កំណត់​ឡើង​វិញ នូវ​ការ​រឹតត្បិត​ជា​ថ្មី​នៅ​ពេល​ដែល​កម្រិត​នៃ​ការ​ឆ្លង​ខ្ពស់​ទើបតែ​ចាប់ផ្តើម ។ ការិយាល័យ​, ផ្សារ និង​កន្លែង​សាធារណៈ គួរតែ​ត្រូវ​បាន​បិទ ខណៈ​ពេល​ដែល​ប្រជាជន​គួរតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ធ្វើតេស្ត​ប្រជាជន ៨០០.០០០​នាក់ ឬ​ស្មើនឹង ០,២៩​ភាគរយ ក្នុង​ចំណោម​ប្រជាជន​ចំនួន ២៧៣ លាន​នាក់​ប៉ុណ្ណោះ ។

សូម​ជម្រាប​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​សុំ​អោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី មួយ​រយៈ ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ រហូត​ដល់ក​ម្មការ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ ពិនិត្យ​នឹង​វាយតម្លៃ ទៅ​លើ​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ​១៩ និង​សុំ​គោលការណ៍​ពី​សម្តេច​តេ​ជោ បើក​ជើង​យន្ត​ហោះហើរ​ជា​ថ្មី​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ