ខេត្តស្វាយរៀង ៖ បន្ទាប់ពីព្រមព្រៀងគ្នាឡើងឋានសួគ៌រហូតដល់ទៅ៥ដង នារីវ័យក្មេងត្រូវបានគេពន្យល់ឱ្យដាក់ពាក្យប្តឹងសមត្ថកិច្ចឱ្យចាប់បុរសវ័យចំណាស់ម្នាក់ដែលត្រូវជាអ៊ំសាច់ថ្លៃដាក់ទ្រុង…លុះពេលសមត្ថកិច្ចបញ្ជូនមនុស្សទៅដល់ខេត្ត ទើបនាំគ្នារត់រកលុយទៅសុំដោះយកមកវិញ។ កាលពីថ្ងៃទី៤ មេសា ២០១១ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំដូនសរ បានធ្វើការឃាត់ខ្លួនបុរសចំណាស់ម្នាក់អាយុ៦០ឆ្នាំ នៅនឹងផ្ទះរបស់គាត់ដែលត្រូវចាប់តាមពាក្យបណ្តឹងរបស់នារីវ័យក្មេងម្នាក់អាយុ១៨ឆ្នាំ ត្រូវជាក្មួយថ្លៃបុរសនេះតែម្តងដោយប្តឹងចោទថា បានរំលោភសេពសន្ថវៈលើរូបនាងបានសម្រេចរហូតដល់ទៅ៥ដង ក្នុងអំឡុងពេល៣-៤ថ្ងៃមុនចាប់ខ្លួន ។
ក្រោយពីត្រូវឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនបុរសខាងលើទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តចាត់ចែងទៅតាមនីតិវិធី ។ ប៉ុន្តែរឿងដែលគួរឱ្យកត់សម្គាល់នោះគេសង្កេតឃើញនារីម្ចាស់បណ្តឹង និងឪពុកម្តាយរួមជាមួយប្រពន្ធរបស់ជនត្រូវចោទបាននាំគ្នាមកសុំសម្រួលដោះលែងបុរសខាងលើនេះវិញ ដោយអះអាងថា រូបនាង (ម្ចាស់បណ្តឹង) បានព្រមព្រៀងប្រគល់ខ្លួនឱ្យទៅអ៊ំថ្លៃ (ជនត្រូវចោទ) ដោយខ្លួនឯងនោះទេ គ្មានការបង្ខិតបង្ខំឡើយ ។ នារីអាយុ១៨ឆ្នាំដែលជាតួអង្គក្នុងរឿងនេះបានឱ្យដឹងថា ដោយសារឪពុកម្តាយរបស់នាងទៅធ្វើសំណង់ឯខេត្តព្រះសីហនុបាត់អស់ ទុកឱ្យរូបនាងនៅផ្ទះតែពីរនាក់ប្អូនស្រីយ៉ាងត្រមង់ត្រមោច ទើបជារៀងរាល់ថ្ងៃ រូបនាង និងប្អូនស្រីតែងតែទៅនៅហូបចុកជាមួយអ៊ំប្រុស អ៊ំស្រី ទាំងព្រឹក ទាំងល្ងាច ដល់នៅយូរៗទៅ រូបនាងក៏មានមនោសញ្ចេតនាជាមួយអ៊ំប្រុស (សាច់ថ្លៃ) រហូតឈានដល់ព្រមព្រៀងរួមរ័កជាមួយគ្នាបាន៥ដង ពេលដែលអ៊ំស្រីមិននៅផ្ទះ។
ប្រភពដដែលនេះបានបន្តទៀតថា នៅព្រឹកថ្ងៃទី៤ មេសា ក្រោយពីរួមរ័កជាមួយអ៊ំប្រុសរបស់នាងហើយ រូបនាងក៏ចេញដើរទៅនិយាយលេងជាមួយអ្នកស្រុកនៅផ្ទះទល់មុខគ្នា ហើយក៏ធ្លោយមាត់និយាយរឿងនេះប្រាប់គេ… ពេលដឹងរឿងអស់ហើយគេបានពន្យល់ប្រាប់ឱ្យនាងទៅប្តឹងប៉ូលិសហើយនាងក៏ទៅប្តឹងតាមពាក្យរបស់គេទើបកើតមានរឿងបែបនេះទៅ ។ ចំណែកខាងប្រពន្ធជនត្រូវចោទបានឱ្យដឹងថា ខាងក្មួយស្រីក៏ជាសាច់ ខាងប្រុសក៏ជាប្តី គឺសុទ្ធតែសាច់ បើអ្នកទាំង២ព្រមព្រៀងផ្តល់ការរួមរ័កឱ្យគ្នាបែបនេះទៅហើយ រូបគាត់ក៏ព្រមទទួលយកក្មួយស្រីធ្វើជាប្រពន្ធទី២របស់ប្តីដែរ និងឱ្យរួមរស់នៅជុំគ្នាតែម្តង សុំឱ្យតែចប់រឿងបានប្តីទៅផ្ទះវិញទៅគឺបានហើយ ។
មកដល់ថ្ងៃទី៧ មេសា ២០១១ គេឃើញសមត្ថកិច្ចកំពុងតែរិះរកវិធីដោះស្រាយ ដើម្បីជួយសម្រួលដល់ភាគីទាំង២ ធ្វើយ៉ាងណាបានចប់សព្វគ្រប់តាមសំណូមពររបស់គ្រួសារនេះ…ប៉ុន្តែត្រង់ថា ផ្លូវច្បាប់ទៅរួច ឬមិនរួចនោះ គេមិនទាន់ដឹងនៅឡើយទេ ៕
ចែករំលែកព័តមាននេះ