ប្រទេសចិន ៖ បន្ទាប់ពីការឆ្លងរាលដាលនៃវីរុស COVID-19 ប្រទេសចិននាពេលនេះកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយថ្មីមួយទៀត ។ ប្រទេសនេះកំពុងជួបប្រទះនឹងទឹកជំនន់ដ៏ធំពុំធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៦១មក ។ ផ្ទះដល់ជាង២៨.០០០ខ្នងត្រូវរលំបាក់ ឬត្រូវទឹកនាំយកទៅ ហើយមនុស្សយ៉ាងតិច១៤១នាក់បានត្រូវបាត់បង់ជីវិត ។

នាឆ្នាំនេះភ្លៀងបានធ្លាក់ខ្លាំងក្លាបំផុតក្រោយវិបត្តិ COVID-19 នៅចិន ដោយចាប់តាំងពីជាង
១ខែមកហើយ ទឹកជំនន់កើតមានស្ទើរតែពាក់កណ្ដាលនៃភាគខាងត្បូងប្រទេស ។ ខេត្តមួយចំនួននៅតែត្រូវទឹកជន់លិច ។ ចាប់តាំងពីប៉ុន្មានសប្ដាហ៍មកហើយទឹកនៅតែមិនព្រមស្រក ។

ទឹកជំនន់ចាប់ផ្ដើមពីខែមិថុនាមក នៅភាគខាងលិចប្រទេស ហើយឆ្លងមកភាគខាងកើតតាមបណ្ដោយទន្លេយ៉ង់សេ ។ នោះជារដូវភ្លៀងដែលខ្លាំងបំផុតពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១មក។ មនុស្សយ៉ាងតិច១៤១នាក់បានត្រូវបាត់បង់ជីវិតក្នុងទឹកជំនន់នោះ ។ អាជ្ញាធរបានកេណ្ឌប្រមូលកងទាហាន និងប្រជាជនជាង១០០.០០០នាក់ ដើម្បីមកជួយពង្រឹងទំនប់នានា ជាមួយបាវខ្សាច់និងជួយដល់ការជម្លៀសមនុស្សចេញ ។

ទោះបីយ៉ាងណាក្នុងបណ្ដាតំបន់រងការប៉ះពាល់ខ្លាំង ដូចជានៅជុំវិញបឹងប៉ូយ៉ាងក្នុងខេត្តជាំងស៊ី ទឹកបានលិចដល់ជាន់ទី២នៃផ្ទះនានា ចាប់ពីច្រើនថ្ងៃ ឬច្រើនសប្ដាហ៍មកហើយ ។ មនុស្សប្រមាណជា៤០លាននាក់រងការប៉ះពាល់ក្នុងខេត្តចំនួន១២ បណ្ដាលឲ្យមានការខូចខាតគិតជាប្រាក់យ៉ាងតិច១០ពាន់លានអឺរ៉ូ ៕ ដកស្រង់ចេញពីវេបសាយ ៖ rfi.fr (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ