រាជធានីភ្នំពេញ ៖ ក្មេងប្រុសអាយុ៤ឆ្នាំកន្លះមកលេងក្នុងវត្តជាមួយបងប្រុស បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងស្រះទឹកក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
កុមារារងគ្រោះ ខាងលើមានឈ្មោះ រ៉ាត ខៃហ្វុង អាយុ៤ឆ្នាំកន្លះ មានម្តាយឈ្មោះ សៀង
ស៊ីណា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពត៌មានពីបងស្រី របស់ម្តាយកុមារារងគ្រោះបានអោយដឹងថា ឪពុកម្តាយរបស់គេបានលែងលះគ្នាថ្មីៗកន្លងមកនេះទេ បន្សល់ទុកបងប្អូន៣នាក់សុទ្ធតែប្រុស ហើយកូនច្បងប្រុសអាយុ១៣ឆ្នាំ និងប្អូនពៅដែលបាត់បង់ជីវិតអាយុ៤ឆ្នាំកន្លះ ចំណែកកូនប្រុសកណ្តាល បានរស់នៅជាមួយឪពុកនៅទីរួមខេត្តបាត់ដំបង ។
មុនពេលកើតហេតុ ម្តាយគាត់ទៅធ្វើការរោងចក្រ ទុកឲ្យកូនៗរស់នៅជាមួយជីដូននៅផ្ទះ តែជីដូនបានមកវត្តរៀបចំធ្វើចង្ហាន់ព្រះសង្ឃនៅវត្តអង្គតាមិញ ហើយចៅប្រុស២នាក់នេះបាននាំគ្នាទៅលេងក្នុងវត្តដែរ ដោយបងប្រុសបានទៅលេងទឹកស្រះក្នុងវត្តម្តងរួចហើយ គឺលេងទឹកនៅស្រះខាងកើតព្រះវិហារ ពេលនោះប្អូនប្រុសមិនបានចុះលេងនឹងគេទេ លុះបន្ទាប់មកបងប្រុសបាននាំប្អូនប្រុសទៅលេងក្នុងបរិវេណវត្ត បងបានទៅចោលប្អូនបាត់ទៅ ។
លុះនៅវេលាម៉ោង២រសៀលថ្ងៃដដែលទើបដឹងបាត់ប្អូន បងប្រុសបានប្រាប់ជីដូន ព្រមទាំង ប្រាប់អុំស្រី បាននាំគ្នាដើររកគ្រប់ច្រកល្ហកតែរកមិនឃើញ នៅពេលម្តាយត្រឡប់មកពីធ្វើការរោងចក្រវិញ បានប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដែលនៅជិតកន្លែងកើតហេតុអោយជួយរុករក តែរកមិនឃើញដដែល ។ រហូតដល់យប់ជ្រៅព្រះសង្ឃគង់នៅវត្តខាងលើ ជួយរុករកក្រែងលេងទឹកក្នុងស្រះ ក៏ប្រទះឃើញសពអណ្ដែតតែក្បាលឡើងលើ ក៏បានចុះស្រង់ពីក្នុងទឹកភ្លាមៗ ។

ខណៈពេលភ្លាមៗនោះ ក្រុមគ្រួសារឃើញកូនប្រុសរបស់ខ្លួនបានបាត់បង់ជីវិតទៅហើយ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានបីសពកូនពីមាត់ស្រះទឹក យកទៅដាក់តំកល់នៅកន្លែងសាលាបុណ្យក្នុងវត្ត ទាំងក្តីសោកសៅ ។
ក្រោយពេលកើតហេតុសពកុមារាខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ