សហរដ្ឋអាមេរិក-រុស្ស៊ី ៖ ក្រសួងការពារប្រទេសអាមេរិកអះអាងនាថ្ងៃទី២៤កក្កដាថា ប្រទេសរុស្ស៊ីបន្តផ្ដល់អាវុធឲ្យដល់ពួកឧទ្ទាមលីប៊ី ដូចជាបណ្ដាយន្តហោះប្រដេញ មីស៊ីលការពារអាកាស គ្រាប់មីននិងរថពាសដែក តាមរយៈទាហានស៊ីឈ្នួល របស់ក្រុមហ៊ុនសន្តិសុខរុស្ស៊ី WAGNERដែលល្បីថា ជិតដិតនឹងប្រធានាធិបតីរុស្ស៊ី នៅខ្សែបន្ទាត់រណសិរ្សជម្លោះលីប៊ីក្នុងទីក្រុងSYRTE។
មន្ទីរប៉ង់តាហ្គោនបានចេញផ្សាយបណ្ដារូបភាពផ្កាយរណប ដែលបង្ហាញឧបករណ៍យោធា ផ្ដល់ដោយក្រុមWAGNERនៅខ្សែរណសិរ្សជម្លោះលីប៊ីក្នុងទីក្រុងSYRTE។ តាមមន្ទីរប៉ង់តាហ្គោនថា រូបភាពទាំងនោះបង្ហាញពីបណ្ដាយន្តហោះដឹកជញ្ជូនរុស្ស៊ី ដូចជាធុនIL-76S បណ្ដាយន្តហោះប្រដេញ រថយន្តការពារអាអាកាសSA-22 ព្រមទាំងរថពាសដែកដែលអាចទប់ទល់នឹងគ្រាប់មីន នៅទីក្រុងSYRTEនិងនៅមូលដ្ឋានអាកាសចរណ៍ AL-KHADIMនាភាគខាងកើតលីប៊ី ។
មេបញ្ជាការប្រតិបត្តិការនៃទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅអាហ្វ្រិក ឧត្ដមសេនីយ BRADFORD GERINGអះអាងថា ក្រុងមូស្គូកំពុងតែពង្រឹងវត្តមានរបស់ខ្លួននៅលីប៊ី ជួយដល់កងកម្លាំងរបស់សេនាប្រមុខខាលីហ្វាហាហ្វតា បុរសខ្លាំងភាគខាងកើតលីប៊ី ដែលប៉ុនប៉ងចាប់តាំងពីខែមេសាឆ្នាំ២០១៩មក វាយដណ្ដើមយកទីក្រុងទ្រីប៉ូលីដោយកម្លាំង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ