ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្មករធ្វើការនៅក្នុងក្រុមហ៊ុនបានប្រទះឃើញសាកសពបុរសម្នាក់ដេកបាត់បង់ជីវិតនៅក្នុងចំការចេក ដោយមានស្ថានភាពរងរបួសពេញផ្ទៃមុខ និងដងខ្លួន ដោយមានស្នាមមុខកាំបិត និងដំបងទៀតផង ដែលគេសង្ស័យថា ជាអំពើឃាតកម្ម។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានទីពីរ នៅក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគីរី ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ គឹម សារឿន ហៅតុង ភេទប្រុសអាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម។ ចំណែកជនសង្ស័យឈ្មោះ បាក់ ណាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ បឹងកំពត ឃុំ បន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញខេត្ត កម្លាំងអធិការស្រុកកូនមុំ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសិរីមង្គល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ ហើយតាមការពិនិត្យសាកសព សមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីអំពើឃាតកម្ម ដោយវាយនឹងដំបង, កាំបិត ព្រោះឃើញមានស្លាកស្នាមអារ.ក និងវះមុខជាច្រើនកន្លែងទៀតផង។

ហើយតាមការស្រាវជ្រាវ និងសាកសួរបំភ្លឺជុំវិញរឿងហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២៣ ខែកក្កដា គឺជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង បានមកផឹកស៊ីជាមួយជនសង្ស័យឈ្មោះបាក់ ណាន ។ ក្រោយពីផឹកស៊ីរួចនៅម៉ោងប្រហែល១០យប់ បានបបួលគ្នាថា ទៅរកឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះរហូតមកតែម្តង។ លុះដល់ម៉ោង៣រសៀល ថ្ងៃទី២៤ ខែកក្កដា ទើបគេទទួលបានព័ត៌មានថា មានកម្មករបានប្រទះឃើញសាកសពជនរងគ្រោះនោះតែម្តង។
ប្រភពបានបន្តទៀតថា ក្រោយសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចរាល់ ក៏បានប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

ចំណែកឯជនសង្ស័យនោះសមត្ថកិច្ចបានឱ្យដឹងថា ទើបតែមកធ្វើការជាកម្មករបានចំនួន១០ថ្ងៃតែប៉ុណ្ណោះ ហើយក៏ស្នាក់នៅក្នុងផ្ទះជាមួយជនរងគ្រោះផងដែរ ប៉ុន្តែក្រោយពេលកើតហេតុខាងលើរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ រីឯភស្ដុតាងដែលបន្សល់ទុកកន្លែងកើតហេតុរួមមាន ៖ ស្បែកជើងពីរគូរ, កាំបិតសតូចចុងស្រួចមួយ, ដំបងឈើ២កំណាត់ដែលមានប្រឡាក់ឈាមជាប់នៅតិចៗ។
បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងតែបន្តធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ