ឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ការមានផ្ទៃពោះរបស់មនុស្សជាធម្មតាមានរយៈពេលប្រហែល៩ខែ១០ថ្ងៃ ប៉ុន្តែស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងព័ត៌មាននៅប្រទេសរបស់នាង ដោយអះអាងថានាងសម្រាលបុត្រ ដែលទើបតែពពោះបានត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

ស្ត្រីម្នាក់ឈ្មោះ Heni Nuraeni អាយុ៣០ឆ្នាំ មកពីភូមិ Mandalasari មួយនៅ Tasikmalaya Regency របស់ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រធានបទដ៏សំខាន់នៃការសន្ទនានៅក្នុងប្រទេសរបស់នាង បន្ទាប់ពីវាត្រូវបានគេបង្ហាញថា នាងបានផ្តល់កំណើតកូនប្រុសម្នាក់ បន្ទាប់ពីមានសញ្ញាថា មានផ្ទៃពោះប្រហែលមួយម៉ោង។ នាងអះអាងថា នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ពោះរបស់នាងចាប់ផ្តើមរីកធំ ហើយនាងចាប់ផ្តើមឈឺពោះ។ នាងដឹងថា ការឈឺពោះនេះ គឺជាការឈឺពោះចង់សម្រាល ដោយសារតែនាងធ្លាប់មានកូនពីរនាក់រួចទៅហើយ។ អ្វីដែលកាន់តែចម្លែកទៀតនោះ គឺនាងមិនបានរួមដំណេកជាមួយនឹងប្តីរបស់ខ្លួនអស់រយៈពេល១៩ខែហើយ។

នាងបានប្រាប់ថា៖ «ខ្ញុំនៅផ្ទះ ហើយគ្មានអ្វីដែលប្លែកខុសពីធម្មតានោះទេ។ ភ្លាមៗខ្ញុំមានអារម្មណ៍ថា មានអ្វីម្យ៉ាងកំពុងធ្វើចលនានៅផ្នែកខាងស្តាំនៃពោះរបស់ខ្ញុំ ហើយការចុកពោះសម្រាលក៏បានចាប់ផ្តើម។ ខ្ញុំបានសុំអ្នកជិតខាងឱ្យនាំខ្ញុំទៅផ្ទះឪពុករបស់ខ្ញុំ ហើយប្រហែលមួយម៉ោងក្រោយមក យើងបានទូរស័ព្ទទៅឆ្មប ហើយខ្ញុំក៏សម្រាលបានកូនមួយ»។

ទោះបីជា មានការឡើងទម្ងន់ខ្លះក៏ដោយ នាងប្រាប់ថា គ្មានសញ្ញាមានផ្ទៃពោះអ្វីបន្តិចសោះ។ នាងមិនមានការចាញ់កូន ផ្ទៃពោះមិនឡើងប៉ោង ហើយក៏មិនមានការបាត់រដូវដែរ។ នាងថា នាងមករដូវរាល់ខែ រយៈពេល១៩ខែមកនេះ។

ហេតុការណ៍នេះ បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីសប្តាហ៍មុន ដោយមានអ្នកយកព័ត៌មាន អ្នកជំនាញវេជ្ជសាស្ត្រ និងមន្ត្រីមកពីគ្រប់ទិសទីនៃប្រទេសឥណ្ឌូនេស៊ី បានមកលេងម្តាយវ័យក្មេង ដើម្បីស្វែងយល់ពីរឿងរ៉ាវបន្ថែមទៀតអំពីការសម្រាលកូនដែលមានអព្ភូតហេតុ។ ការយកចិត្តទុកដាក់ទាំងអស់ បានបណ្តាលឱ្យនាងជាម្តាយ មានភាពតានតឹងយ៉ាងខ្លាំង ហើយក្រុមគ្រួសាររបស់នាងបានស្នើសុំភាពឯកជនខ្លះ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
https://www.youtube.com/watch?v=WDrK7d8anqw




ចែករំលែកព័តមាននេះ