ខេត្តឧត្តរមានជ័យ ៖ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមទាំងលោកអភិបាលខេត្តឧត្តមានជ័យបានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុតរបស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាចេញផ្សាយនាថ្ងៃទី២៥ ខែកក្កដានេះ ។

កសិករ សូ យក់សេង សព្វថ្ងៃគាត់មានមេទាពង២៤០០ក្បាល កំពុងផ្តល់ពងសព្វថ្ងៃ និងត្រៀមដាក់កូនទា៥០០០ក្បាលទៀត នៅពេលទ្រុងថ្មីសាងសង់រួច ។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១៦០០មែត្រក្រឡា ដែលចំណាយសាងសងលើទ្រុងអស់១៣០០ដុល្លារ ប្រក់ស្បូវលាយស័ង្កី ។

ចំណែកការចំណាយទៅលើការផ្តល់ចំណី និងកម្មករអស់ប្រហែល៥៨មុឺនរៀល ក្នុង១ថ្ងៃ និងចំនេញបានចន្លោះពី២៩មុឺន ទៅ៣០មុឺនរៀលក្នុង១ថ្ងៃ ។ គាត់លក់លាមកទាក្នុង១ ខែបាន៥០មុឺនរៀលបន្ថែមទៀត ។ សរុប១ខែ គាត់អាចរកចំណូលបានប្រហែល៩,៥លានរៀល ។

លោករដ្ឋមន្ត្រី បានធ្វើកោតសរសើរកសិករ សូ យក់សេង និងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះថា បច្ចុប្បន្នការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីជំនាញបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជា ជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ ៕
ចែករំលែកព័តមាននេះ