ខេត្តសៀមរាប ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ដើម្បីភ្ញាស់យកកូនលក់របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោក គង់ គឹមឆាយ បានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា ។

ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក ។ លោកបានបញ្ជាក់ ជូន លោករដ្ឋមន្ត្រីថា បញ្ហាក្នុងការចិញ្ចឹមកង្កែប គឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ ។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់លោកដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមនេះទទួលបានជោគជ័យ ហើយ លោករដ្ឋមន្ត្រី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្ត្រីបច្ចេកទេសមកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯងតាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់ ៕






ចែករំលែកព័តមាននេះ