សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីការបាញ់សាកល្បងអាវុធប្រឆាំងផ្កាយរណបមួយនៅក្នុងលំហដោយព្រមានថា ការគំរាមកំហែងប្រឆាំងនឹងប្រព័ន្ធរបស់ទីក្រុងវ៉ាស៊ីនតោន គឺច្បាស់លាស់ ធ្ងន់ធ្ងរ និងកើនឡើង។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទីបញ្ជាការអវកាសអាមេរិកមានភស្តុតាងដែលថា ទីក្រុងមូស្គូបានធ្វើការសាកល្បង បង្ហោះអាវុធប្រឆាំងផ្កាយរណប ដែលមានមូលដ្ឋាននៅទីអវកាសកាលពីថ្ងៃទី១៥ ខែកក្កដា។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ការសាកល្បងកាលពីសប្តាហ៍មុន គឺជាឧទាហរណ៍មួយទៀត ដែលការគំរាមកំហែងដល់ប្រព័ន្ធអវកាសអាមេរិក និងសម្ព័ន្ធមិត្ត គឺពិតជាធ្ងន់ធ្ងរនិងកើនឡើង»។
អ្នកចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លោក Marshall Billingslea បាននិយាយថា៖ «ច្បាស់ណាស់ថារឿងនេះមិនអាចទទួលយកបានទេ»។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់សមភាគីរុស្ស៊ីរបស់លោក Vladimir Putin ថា លោកសង្ឃឹមថានឹងចៀសវាងការប្រកួតប្រជែងសព្វាវុធដែលមានតម្លៃថ្លៃជាមួយរុស្ស៊ីនិងចិន។
ឧត្តមសេនីយ៍ Jay Raymond ប្រធានទីបញ្ជាការអវកាសអាមេរិក បាននិយាយថា ប្រព័ន្ធដែលត្រូវបានប្រើសម្រាប់ធ្វើការសាកល្បងកាលពីសប្តាហ៍មុន គឺដូចគ្នាទៅនឹងការដែលទីបញ្ជាការអវកាសបានលើកឡើងពីការព្រួយបារម្ភកាលពីដើមឆ្នាំនេះ នៅពេលដែលវាបានធ្វើប្រតិបត្តិការនៅជិតផ្កាយរណបរដ្ឋាភិបាលអាមេរិក។
លោក Raymond បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាភ័ស្តុតាងបន្ថែមទៀតនៃកិច្ចប្រឹងប្រែងបន្តរបស់រុស្ស៊ីក្នុងការអភិវឌ្ឍនិងសាកល្បងប្រព័ន្ធដែលមានមូលដ្ឋាននៅអវកាស ហើយស្របទៅនឹងគោលលទ្ធិយោធា ដើម្បីប្រើអាវុធដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិអវកាសអាមេរិក និងសម្ព័ន្ធមិត្ត។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការអវកាសបានបន្ថែមថា វាជាឧទាហរណ៍ចុងក្រោយនៃផ្កាយរណបរុស្ស៊ីដែលមានឥរិយាបទ មិនស៊ីចង្វាក់នឹងបេសកកម្មដែលបានបញ្ជាក់។
លោក Christopher Ford ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះបង្ហាញពីការតស៊ូមតិដោយលាក់ពុតរបស់រុស្ស៊ីក្នុងការគ្រប់គ្រងអាវុធអវកាសខាងក្រៅ។”
សេចក្តីថ្លែងការណ៍នេះ ក៏បានកើតឡើងផងដែរនៅពេលដែលប្រទេសចិនបានបើកយានទៅកាន់ភពព្រះអង្គារកាលពីថ្ងៃព្រហស្បតិ៍ ដែលជាដំណើរមួយកើតឡើងស្របគ្នាជាមួយនឹងបេសកកម្មរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រទេសមហាអំណាចយកគូប្រជែងរបស់ពួកគេចូលទៅក្នុងលំហជ្រៅ៕

ចែករំលែកព័តមាននេះ