ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ទម្រាំជោគជ័យមិនងាយស្រួល ហើយទីផ្សារបច្ចុប្បន្នជួបការលំបាកទៀត
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រយៈពេល១០ឆ្នាំទើបការចិញ្ចឹមអន្ទង់បែបវារីវប្បកម្មទទួលបានជោគជោគជ័យ ។ នេះជាការអះអាង របស់ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់នៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារយើងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។

ម្ចាស់កសិដ្ឋានរូបនោះបានបន្ថែមថា ទម្រាំទទួលបានជោគជ័យនេះដែរ គឺដោយសារមានការជ្រុំជ្រែងផ្តល់ចំណេះដឹងពីមន្ត្រីជំនាញ ព្រមទាំងរូបគាត់ជាម្ចាស់ផ្ទាល់ក៏បានប្រឹងប្រែងស្រាវជ្រាវបន្ថែមលើការចិញ្ចឹមបែបវារីប្បកម្មនេះផងដែរ ។ យ៉ាងនេះក្តី ម្ចាស់កសិដ្ឋានខាងលើនេះ បានត្អូញត្អែរថា បញ្ហាទីផ្សារបច្ចុប្បន្នជួបការលំបាក ដោយសារតែការសុំច្បាប់ដឹកជញ្ជូនទៅលក់ពីខេត្តមួយទៅខេត្តមួយ ត្រូវទៅសុំដល់នាយកដ្ឋាននៅឯរាជធានីទៀត ។

បើតាមលោក ថូ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់នៅភូមិឃុំខាងលើបាននិយាយឲ្យដឹងថា គាត់បានចិញ្ចឹមអន្ទង់បែបនារីវប្បកម្មនេះរយៈពេល១០ឆ្នាំមកហើយ។ ពីដំបូងគាត់ជួបការលំបាកខ្លាំងណាស់ ដោយសារតែបញ្ហាខ្វះខាតថវិកា និងបញ្ហាបច្ចេកទេសក្នុងការចិញ្ចឹម ។ ក្នុងរយៈពេល៧ឆ្នាំដំបូង គឺលំបាកមែនទែន ទម្រាំតែបានទទួលជោគជ័យដូចថ្ងៃនេះ គាត់បានទៅសុំរៀនជំនាញចិញ្ចឹមអន្ទង់វប្បកម្មពីមន្ទីរកសិកម្ម និងរួមផ្សំដោយក្រសួងកសិកម្មចុះមកបង្ហាត់បង្ហាញផងដែរ ទើបទទួលបានជោគជ័យរហូតមកដល់ពេលនេះ ដែលមានរយៈពេល១០ឆ្នាំគត់ ។ បច្ចុប្បន្ននេះ គាត់មានអាងចិញ្ចឹមអន្ទង់ធំៗចំនួន៣៥អាង និងអាងតូចៗចំនួន២២អាង។ ចំណែកអន្ទង់ដែលគាត់ចិញ្ចឹមក្នុងអាងទាំងនោះ មានអន្ទង់ចិញ្ចឹមយកសាច់ និងអន្ទង់ពូជ។

យ៉ាងនេះក្តី ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់រូបនោះ ក៏នៅបានត្អូញត្អែរថា បច្ចុប្បន្នមិនមែនតែកសិដ្ឋានរបស់លោកទេ ដែលជួបការលំបាក ទាំងកសិករដែលចិញ្ចឹមអន្ទង់តូចតាចក៏ជួបបញ្ហានេះដែរ ព្រោះបើត្រូវដឹកអន្ទង់យកទៅលក់នៅខេត្ត ផ្សេង ដូចជា ពោធិ៍សាត់ បាត់ដំបង ប៉ោយប៉ែត ឬទៅប៉ែកខាងកើត ស្វាយរៀង ព្រៃវែង ត្រូវទៅសុំការសុំច្បាប់អនុញ្ញាតពីនាយកដ្ឋាននៅរាជធានីភ្នំពេញ។ បញ្ហានេះធ្វើឲ្យពួកគាត់ជួបការលំបាកខ្លាំង រូបគាត់ក៏ដូចជាប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រី សូមមេត្តាផ្ដល់សិទ្ធិឲ្យការសុំច្បាប់ដឹកជញ្ជូនត្រឹមតែខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្មខេត្តបានហើយ ។

ជុំវិញបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានប្រាប់នៅរសៀលនេះដែរថា កាលមុនមានការកំណត់ឱ្យសុំកាត់ច្បាប់ ឬហៅថាពែកមី គឺទៅសុំដល់រដ្ឋបាលជលផលពិតមែន ។ប៉ុន្តែបច្ចុប្បន្ននេះមានការសម្របសម្រួលអនុញ្ញាត្តិឱ្យត្រឹមមន្ទីរអនុញ្ញាត្តច្បាប់ សុំដឹកឆ្លងពីខេត្តមួយទៅខេត្តមួយបានហើយ ៕








ចែករំលែកព័តមាននេះ