អាជ្ញាធររាជធានីភ្នំពេញត្រៀមអ៊ុតកៅស៊ូផ្លូវចំនួនពីរខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលអនុវត្តដោយក្រុមហ៊ុន L N S k ខនស្ត្រាក់សិន ដែលមានបទពិសោធន៍ និងស្នាដៃក្នុងការស្ថាបនាផ្លូវក្នុងរាជធានីភ្នំពេញនាពេលកន្លងមក ដើម្បីសម្រួល ចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួល និងជាការលើកសោភ័ណភាពរាជធានី ភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។

ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែរ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីលោកអភិបាលរាជធានី បញ្ចប់ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមាន ផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងខណៈ ចុះពិនិត្យមើលស្ថានភាពផ្លូវ ទាំង២ខ្សែនេះ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការអ៊ុតកៅស៊ូ លើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់។

ចំណែកផ្លូវលេខ១៨៦វិញនឹងអ៊ុតចាប់ពីផ្លូវលេខ២៤៧ ដល់ ២៦១។ ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ហើយក៏ជាការលើកសោភ័ណភាព រាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ៕ ដោយ ៖ ចន ណារិទ្ធ

ចែករំលែកព័តមាននេះ