ប្រសិនបើអ្នកមានអារម្មណ៍ស្ត្រេសព្រោះតែការផ្ទុះជំងឺកូវីដ ១៩ នោះ អ្នកត្រូវចាំថាអ្នកមិនមែនកំពុងតែឆ្លងកាត់វាតែម្នាក់ឯងទេ ។ មនុស្សជាច្រើនកំពុងតែព្រួយបារម្ភពីស្ថានការបច្ចុប្បន្ន និងនៅថ្ងៃអនាគតរបស់ពួកគេ ។ ជាមួយគ្នានេះដែរ មនុស្សជុំវិញពិភពលោកកំពុងតែឆ្លងកាត់ពេលដ៏លំបាកទាំងផ្នែករាងកាយ និងផ្នែកសតិអារម្មណ៍ ខណៈដែលព្យាយាមបន្តបំពេញកិច្ចការដែលជាទំនួលខុសត្រូវរបស់ខ្លួន ។ ប្រសិនបើអ្នកកំពុងតែទទួលរងការប៉ះពាល់ផ្នែកសតិអារម្មណ៍ក្នុងកំឡុងពេលនេះ អ្នកគួរតែឆ្លើយតបដូចខាងក្រោម ៖

១. យល់បន្ថែមពីការឆ្លើយតបរបស់អ្នក
ការព្យាយាមប្រាប់ខ្លួនឯងថា អ្នកដទៃមិនខ្វល់ខ្វាយពីជំងឺនេះទាំងស្រុង គឺមិនឆ្លុះបញ្ចាំងនូវតថភាពជាក់ស្តែងទេ ។ មនុស្សម្នាក់ៗមានការឆ្លើយតបខុសៗគ្នាទៅនឹងស្ថានការដែលមិនប្រាកដប្រជានេះ ដូចជាមនុស្សមួយចំនួនចាប់ផ្តើមគម្រោងការងារថ្មីៗ ខណៈដែលមនុស្សមួយចំនួនទៀតត្រូវការពេលសម្រាកពីការងារច្រើនវិញ ។
មិនថាអ្នកកំពុងតែឆ្លងកាត់អារម្មណ៍អ្វីទេ អ្នកត្រូវតែយល់ដឹងថាវាមិនមែនជាកំហុសរបស់អ្នកឡើយ ហើយអ្នកដទៃក៏កំពុងតែឆ្លងកាត់ឧបសគ្គជាច្រើនដូចអ្នកដែរ ។
២. គិតពីតម្រូវការរបស់អ្នក
បន្ទាប់ពីដឹងពីស្ថានការដែលអ្នកកំពុងតែឆ្លងកាត់ហើយ អ្នកត្រូវដឹងពីអ្វីដែលអ្នកត្រូវការដើម្បីជួយដល់អ្នកបាន ។ តើអ្នកមានអារម្មណ៍ល្អនៅពេលដែលធ្វើការងារថ្មីៗ ឬការងារពិបាកៗទេ? តើមានការងារអ្វីដែលកំពុងតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកដូចជាបង្កើនស្ត្រេសទេ? សំណួរទាំងនេះនឹងជួយឲ្យអ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើដើម្បីខ្លួនឯង ។ឧទាហរណ៍ដូចជាកំណើននៃអារម្មណ៍ស្ត្រេសបន្ទាប់ពីទទួលបានការងារថ្មីៗមានន័យថា អ្នកគួរតែកាត់បន្ថយការងារ និងសម្រាកមួយរយៈពេលជាមុនសិន ។
៣. រកមនុស្សនិយាយជាមួយ
ប្រសិនបើស្ថាប័នការងាររបស់អ្នកមានអ្នកជំនាញផ្នែកសតិអារម្មណ៍នោះ អ្នកគួរតែទៅរកពួកគេដើម្បីនិយាយពីស្ថានការ ឬទុក្ខលំបាកដែលអ្នកកំពុងឆ្លងកាត់ ។ ជាក់ស្តែងក្នុងប្រទេសកម្ពុជានេះមិនមានស្ថាប័នច្រើនដែលផ្តល់ជម្រើសនេះឡើយ ដោយហេតុដូចនេះអ្នកអាចរកមនុស្សដែលអ្នកជឿទុកចិត្តបានមិនថាជាប្រធានក្រុមរបស់អ្នក មិត្តរួមការងារ ឬមិត្តក្រៅការងារឡើយ ។
អ្នកត្រូវចងចាំថាសុខភាពផ្លូវចិត្តរបស់អ្នកក៏មានសារៈសំខាន់ស្មើនឹងសុខភាពផ្លូវកាយរបស់អ្នកដែរ ។ ដូច្នេះអ្នកគួរតែទុកពេលដើម្បីគិតពីតម្រូវការរបស់អ្នកឲ្យបានច្បាស់លាស់និងទាក់ទងទៅមនុស្សដែលអាចជួយអ្នកបាន ។ អ្នកអាចនឹងចូលរួមជួយដល់ស្ថាប័នការងាររបស់អ្នកកាន់តែច្រើនលើសដើមទៀតផងប្រសិនបើអ្នកមើលថែខ្លួនឯងជាមុនសិន ៕
ចែករំលែកព័តមាននេះ