សួនផ្កាឈូករ័ត្ន និងផ្កាជាច្រើនរីកស្រស់បំព្រងទាក់ទាញមនុស្សជាច្រើន (វីដេអូ)
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ ក្រោយពីស្ងប់ស្ងាត់ជំងឺកូវីដ១៩ បន្តិច នៅសួនផ្កាឈូករ័ត្ន ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ជារៀងរាល់ថ្ងៃគេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី បានធ្វើដំណើរមកពីទីជិត ទីឆ្ងាយតាមមធ្យោបាយម៉ូតូ និងរថយន្តមកលេងកំសាន្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសំណង់ភាគច្រើនស្ទើរតែ ១០០% គឺបង្កើតពីឬស្សីទាំងអស់ នឹងមានផ្កាឈូករ័ត្ន ផ្កាស្បៃរឿង រួមទាំងផ្កាជាច្រើនប្រភេទទៀតបានរីកស្រស់បំព្រង ដែលមើលទៅគួរឱ្យគយគន់ និងចាប់អារម្មណ៍គ្រប់ៗគ្នា។

បើតាមអ្នកស្រីសេង ផល្លា មានវ័យ៤៥ឆ្នាំ រស់នៅភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម បានរៀបរាប់ឲ្យដឹងថា ដោយសារតែមានការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងការនិយាយតៗគ្នា នៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ មានសួនផ្កាឈូករ័ត្ន ដែលត្រូវគេបានច្នៃឡើងស្អាតគួរឱ្យទាក់ទាញ។ ដោយមូលហេតុនេះហើយ ទើបគាត់ និងសមាជិកក្រុមគ្រួសារបាននាំគ្នាមកលេងជាលើកទី១ ឃើញមិនសូវមានការកែច្នៃច្រើនប៉ុន្មានទេ។

អ្នកស្រីសេង ផល្លា រៀបរាប់បន្តថា លុះមកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ២០២០ ពេលទំនេរពីការងារក៏បាននាំសមាជិកក្រុមគ្រួសារ ព្រមទាំងសាច់ញាតិមានគ្នាប្រមាណជាង១០នាក់ បានធ្វើដំណើរតាមរថយន្តមកលេងនៅផ្កាឈូករ័ត្នម្ដងទៀត។ ឃើញថា ម្ចាស់សួនផ្កាឈូករ័ត្ន បានខិតខំប្រឹងប្រែងកែច្នៃ ដោយបានលើកជាទីទួលខ្ពស់ មានបង្កើតជារូបផ្សេងៗដាក់តាំងលំអរ សម្រាប់ទាក់ទាញប្រជាពលរដ្ឋ ដែលមកកម្សាន្តលេង ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកទៀតផង។
អ្នកស្រីបន្តទៀតថា ដោយល្ងាចណាស់ទៅហើយ ក្រុមគ្រួសារគាត់បានកម្មង់ម្ហូបអាហារ ដើម្បីទទួលទានជុំគ្នា ពិតជាមានរសជាតិឆ្ងាញ់ ហើយតម្លៃវិញក៏ធូរថ្លៃទៀត។ តែមុននឹងហូបពួកគាត់បាននាំគ្នាលាងដៃជាមួយនឹងអាលកុល ដើម្បីការពារកុំឱ្យឆ្លងមេរោគកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានទិញននោង ដែលគេដាំផ្លែតាមបែបធម្មជាតិមិនប្រើប្រាស់ជីគីមី គឺទិញច្រើនគីឡូ ដោយក្នុងមួយគីឡូតម្លៃ ១.០០០ រៀល ចំណែកល្ហុងឃើញផ្លែធំៗដែលសុទ្ធសឹងជារបស់ធម្មជាតិ ។ តាមគំនិតរបស់គាត់ទីនេះ ក្រៅពីការកែច្នៃស្អាតគួរឲ្យទាក់ទាញ ហើយថែមទាំងដាំបន្លែលក់ជូនភ្ញៀវក្នុងតម្លៃថោកទៀតផង។ នាពេលខាងមុខ បើសិនជាទំនេរ គាត់នឹងនាំសមាជិកក្រុមគ្រួសារមកលេងទីនេះជាលើកទី៣ ព្រោះថា ពេលធ្វើដំណើរតាមដងទន្លេ មានខ្យល់ជំនោរបក់សាយរសាត់ ធ្វើឲ្យអារម្មណ៍របស់គាត់បានធូរស្រាលពីទុក្ខកង្វល់ផ្សេងៗ។

ចំណែកអ្នកស្រីណូ ប៉ូលីន មានវ័យ៤១ឆ្នាំ ជាអ្នកមើលការខុសត្រូវនៅសួនផ្កាឈូករ័ត្ន បានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីដើមឡើយ ដំបូងសួនផ្កាឈូករ័ត្ន ត្រូវបានប្ដីរបស់គាត់ឈ្មោះសុផល ដាំដុះនៅតាមជួរដងទន្លេមេគង្គសម្រាប់ប្រយោជន៍ ដើម្បីចិញ្ចឹមឃ្មុំ តែការបង្កើតឡើងនោះបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ក៏នាំគ្នាមកកម្សាន្តលេងហើយកាន់តែល្បីឡើងៗ។

អ្នកស្រីប៉ូលីន រៀបរាប់បន្តទៀតថា ក្រោយមកប្ដីរបស់គាត់ បានមករកទីតាំងថ្មីនៅឆ្ងាយពីកន្លែងចាស់ប្រមាណ៥០០ម៉ែត្រ ដើម្បីដាំផ្កាឈូករ័ត្ន រួមនឹងចិញ្ចឹមឃ្មុំឲ្យកាន់តែមានលក្ខណៈទ្រង់ទ្រាយធំជាងមុន។ ជាមួយនោះ បានបង្កើតជាអាហារដ្ឋានលក់ម្ហូបអាហារជាច្រើនមុខសម្រាប់ឲ្យភ្ញៀវជិតឆ្ងាយដែលមកកម្សាន្តលេង អាចកម្មង់ទិញពិសារអង្គុយនៅតាមខ្យូសធ្វើពីឬស្សី។ លុះមកដល់ឆ្នាំ២០២០ គឺជាឆ្នាំទី៤ ដែលនៅទីតាំងថ្មីនេះ គឺពង្រីកការដាំដុះផ្កាឈូករ័ត្ន រួមជាមួយនឹងផ្កាជាច្រើនប្រភេទទៀត កើនដល់ទំហំ៧ហិកតាឯណោះ។

អ្នកស្រីបន្តទៀតថា ដោយសារតែភ្ញៀវមកលេងកាន់តែច្រើននោះ ក្រោមគំនិតច្នៃប្រឌិតពីសំណាក់ប្តីរបស់គាត់ គឺបានបង្កើតរូបមានដូចជា ៖ រូបបេះដូង រូបបាតដៃមនុស្ស ទោងធ្វើពីឬស្សីសម្រាប់អង្គុយលេង ដែលស្ថិតនៅលើទីទួលខ្ពស់ ទើបបង្កើតថ្មី ។ នៅកន្លែងរបស់គាត់ គឺមានមនុស្សមកពីទីជិត ទីឆ្ងាយនាំគ្នាមកលេងកំសាន្តជារៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃចុងសប្តាហ៍ គឺមានមនុស្សមកលេងច្រើនជាងថ្ងៃណាៗទាំងអស់។

អ្នកស្រីបន្តថា ចំណែកទឹកឃ្មុំធម្មជាតិ គឺនៅតែមានលក់ ព្រោះបានមកពីកសិដ្ឋានចិញ្ចឹមឃ្មុំ នៅតំបន់ផ្សេងៗដូចជា នៅចំការគ ចំការតាងែន ព្រមទាំងកន្លែងផ្សេងៗទៀត គឺអត្ថប្រយោជន៍ឃ្មុំ ដែលចិញ្ចឹមនៅក្នុងប្រអប់ ហើយមកក្រេបលំអង ពេលណាដែលបានទឹកឃ្មុំ ច្រើន គឺប្រមូលយកមកលក់នៅសួនផ្កាឈូករ័ត្ននេះ មានពេលខ្លះអ្នកនៅភ្នំពេញឈានចូលមកនេះ ទិញទឹកឃ្មុំរបស់គាត់ដែលបង្កើតឡើងពីធម្មជាតិ១០០%។ សម្រាប់នៅឆ្នាំ២០២១ ខាងមុខ គាត់នឹងបង្កើតសួនបន្លែធម្មជាតិ ដើម្បីទុក ហើយភ្ញៀវដែលមកលេងទិញយកទៅធ្វើម្ហូបអាហារសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ។

ដោយមានការណែនាំពីសំណាក់អាជ្ញាធរស្រុក ក៏ដូចជាស្ថាប័នមន្ទីរសុខាភិបាលខេត្ត នៅសួនផ្កាឈូករ័ត្នរបស់គាត់ មានដាក់ប្រដាប់វាស់កំដៅ ទឹកអាល់កុលលាងដៃ ដាក់នៅតាមខ្យូសសម្រាប់អង្គុយលេង ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ។ ជាចុងក្រោយសំណូមពរដល់ភ្ញៀវ ដែលមកលេងសូមមេត្តាកុំបេះផ្កា និងត្រូវចេះអនាម័យដាក់សំរាមនៅក្នុងធុងរួមគ្នាសម្អាតបរិស្ថាន៕ (កែសម្រួលដោយ ៖ បុប្ផា)




















ចែករំលែកព័តមាននេះ