រាជធានីភ្នំពេញ ៖ ពាក្យចាស់តែងតែពោលថា «ស្គរ ទូង…ៗ ប្រហោងក្នុង» ដែលមានន័យសំដៅថា មនុស្សខ្លះមើលទៅហ៊ឺហារហូរហៀរទ្រព្យណាស់ តែជាក់ស្តែងនៅខាងក្នុង ឬធាតុពិត គឺគ្មានអ្វីនោះទេ ។

យ៉ាងណាមិញ បើតាមអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជាម្នាក់ បានលើកឡើងថា វាជារវាងបុគ្គលសម្ភារៈនិយម និងអ្នកវិនិយោគពិត គឺមានលក្ខណៈខុសគ្នាព្រោះថា ពេលខ្លះ គឺមនុស្សទូទៅអាចនឹងពិបាកបែងចែកឲ្យដាច់ពីគ្នារវាង បុគ្គលសម្ភារៈនិយម និងអ្នកវិនិយោគ នាពេលបច្ចុប្បន្នដែលតែងតែកើតមានក្នុងសង្គម ។

បើតាមលោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា បានលើកឡើង ភាពខុសគ្នា៥យ៉ាង នៃបុគ្គលសម្ភារៈនិយម និងអ្នកវិនិយោគ ។ ខាងក្រោមនេះជាការបកស្រាយរបស់លោក ៖ ១- ការប្រើធនធាន ៖ អ្នកសម្ភារៈនិយមនឹងចំណាយប្រាក់ ឬទិញជំពាក់ភ្លាមៗនៅពេលមានលទ្ធភាព ។ ចំណែកឯអ្នកវិនិយោគ វិភាគល្អិតល្អន់ មើលកាល មើលជម្រើសដែលនាំអោយចំណេញ និងកំរិតហានិភ័យដែលអាចទទួលយកបាន។ ២- ការប្រើបំណុល ៖ អ្នកសម្ភារៈនិយមមិនញញើតដៃនឹងទិញបង់រំលស់ បើទោះជាអត្រាការប្រាក់ខ្ពស់ក៏ដោយ ។ អ្នកវិនិយោគមុននឹងខ្ចីប្រាក់គិតគូរពីលក្ខខណ្ឌនៃកម្ចី និងអត្រាការប្រាក់ខ្លាំងណាស់ ជាទូទៅពួកគេតែងខ្ចីក្នុងអត្រាការប្រាក់ទាបជាងអ្នកកម្ចីរបស់អ្នកសម្ភារៈនិយម ។

៣- សកម្មភាពចម្បង ៖ អ្នកសម្ភារៈនិយមស្គាល់ហាងទំនិញច្រើន ចូលចិត្តដើរផ្សារ ។ អ្នកវិនិយោគចូលចិត្តជួបជុំជាមួយអ្នកវិនិយោគដូចគ្នា ។ ៤ – ការអភិវឌ្ឍសមត្ថភាព ៖ អ្នកសម្ភារៈនិយមមិននិយមសិក្សាស្វែងយល់ ដើម្បីពង្រីកការគិត និងពង្រឹងសមត្ថភាពនោះទេ ។ អ្នកវិនិយោគតែងគិតថា សមត្ថភាព គឺជាអាទិភាព និងជាការវិនិយោគ ។ ៥- ការបង្ហាញលើបណ្តាញសង្គម៖ អ្នកសម្ភារៈនិយមចូលចិត្តបង្ហាញសម្ភារៈ។ អ្នកវិនិយោគចូលចិត្តនិយាយពីគំនិតនាំអោយរីកចំរើន ៕

ចែករំលែកព័តមាននេះ