ខេត្តបាត់ដំបង ៖ សកម្មភាពចោរកាច់សោរ.កលួចយកម៉ូតូ ហាក់បង្កើនសន្ទុះកាន់តែខ្លាំងនៅក្នុងក្រុងបាត់ដំបង នៅពេលដែលសមត្ថកិច្ចហាក់ធ្លាក់ដៃ ឬមានវិធានការ ក្នុងការទប់ស្កាត់ឬបង្ក្រាប ដោយជាប់គិតគូរពីការគ្រប់គ្រងទីតាំងបទល្មើស «ល្បែងហ្គេម និងល្បែងកន្ទុយលេខ» ដើម្បីងាយស្រួលក្នុងការប្រមូលផលប្រយោជន៍ ។ ជាក់ស្ដែងនៅម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ កក្កដា នេះ ជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ (ស្រី ប្រុស) បានបន្លំកាច់សោ.កលួចយកម៉ូតូ១គ្រឿង នៅខាងជើង«ផ្សារបឹងឈូក» ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចជិះគេចខ្លួនដោយសារសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ។

ប្រភពបានឲ្យដឹងថា ម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1AG-6090 របស់ជនរងគ្រោះ ឈ្មោះ អុល ស៊ីណាត ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល។ ឈ្មោះ អុល ស៊ីណាត បាននិយាយថា គាត់បានជិះម៉ូតូយកទៅទុកនៅខាងមុខ ផ្ទះលក់ថ្នាំពេទ្យមួយកន្លែង នៅជ្រុងខាងជើងផ្សារបឹងឈូក ហើយដើរចូលទៅរកទិញអីវ៉ាន់នៅក្នុងផ្សារ តែមិនបានផ្ញើគេទេ។ លុះត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលតែម្ដង។ សាក្សីនៅទីនោះ ក៏បានប្រាប់សមត្ថកិច្ចដែរថា ដំបូងគេឃើញមនុស្សប្រុសម្នាក់ និង ស្រីម្នាក់បានឈរនៅក្បែរនោះ តែគេមិនចាប់អារម្មណ៍ទេ។
សាក្សីនិយាយទៀតថា ពេលនោះគេឃើញ បុរសម្នាក់បានដើរទៅក្បែរម៉ូតូជនរងគ្រោះ បន្តិចក្រោយមក ក៏ឡើងជិះម៉ូតូ១គ្រឿងទៅបាត់ ។ ប៉ុន្តែគេឃើញស្ត្រីម្នាក់នៅក្បែរនោះក៏បានឡើងជិះម៉ូតូនោះ (ម៉ូតូជនរងគ្រោះ) ដែលទំនងបុរសនោះកាច់សោរួចស្រេច បានជិះចេញពីទីនោះភ្លាមៗដែរ។ ប៉ុន្តែគ្មាននរណាដឹងថា ជនទាំង២នាក់នោះជាចោរទេ លុះជនរងគ្រោះមករកម៉ូតូមិនឃើញ ផ្អើលឆោឡោទើបដឹងថា ជនទាំង២នាក់ប្រុសស្រីនោះជាចោរ តែបានជិះគេចខ្លួនដោយសុវត្ថិភាពទៅហើយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ មិថុនា កន្លងទៅថ្មីៗនេះ នៅផ្សារបឹងឈូកដដែលនេះ ក៏មានករណីស្ត្រីម្នាក់បន្លំលួចយកទូរស័ព្ទស៊េរីទំនើបពីក្នុងកាបូបស្ត្រីម្នាក់ផងដែរ ខណៈដែលស្ត្រីរងគ្រោះកំពុងដើរទិញទំនិញក្នុងផ្សារនេះ តែជនដៃដល់ត្រូវម្ចាស់ទូរស័ព្ទនិងអ្នកផ្សារចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ស្ត្រីដៃដល់នោះឈ្មោះ អ៊ូច សុខលីន អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជូល ក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ប៉ុន្តែក្រោយពីសួរនាំចប់ មន្ត្រីស្នងការខេត្ត ក៏បានដោះលែងចោរស្រីនោះវិញ ជាថ្នូនិងប្រាក់ត្រឹមតែប៉ុន្មានរយដុល្លារប៉ុណ្ណោះ។
ជាមួយនឹងអំពើចោរកម្មដ៏កក្រើកនេះ គេមើលឃើញថា បទល្មើសហាក់បានកើតឡើងដដែលៗ នៅតាមទីផ្សារ និងទីប្រជុំនានា ក្នុងក្រុងបាត់ដំបង។ កាលពីខែមុន ករណីកាច់សោលួចម៉ូតូនេះ បានកើតឡើងចំនួន០៣លើក ជាបន្តបន្ទាប់នៅក្បែរផ្សារលើ និង នៅក្នុងវត្តពោធិ៍ក្នុង។ ប៉ុន្តែការស្រាវជ្រាវ និងការបង្ក្រាបឬវិធានការទប់ស្កាត់ ពីសមត្ថកិច្ចហាក់គ្មានសកម្មភាពឡើយ សូម្បីតែតម្រុយក៏គ្មានដែរ។ បន្ថែមលើនេះ កាលពីព្រឹកថ្ងៃទី២១ កក្កដា មានសេចក្ដីរាយការណ៍ថា មានស្ត្រី២នាក់ បានជិះម៉ូតូចូលទៅបន្លំលួចប្រាក់អស់ប្រហែល១០លានរៀល នៅក្នុងផ្ទះស្ត្រីវ័យចំណាស់ម្នាក់ នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ រួចគេចខ្លួនដោយសុវត្ថិភាពទៀត។

សាច់ញាតិបាននិយាយថា ស្ត្រី២នាក់នោះបានជិះម៉ូតូចូលទៅដល់ ធ្វើជាសួរនាំជនរងគ្រោះដែលនៅម្នាក់ឯង រួចម្នាក់បន្លំចូលក្នុងផ្ទះប្រមូលយកប្រាក់អស់គ្មានសល់។ លុះស្ត្រីដៃឆើតទាំង២នាក់ ជិះចេញផុត ទើបជនរងគ្រោះដឹង។ រហូតដល់ពេលនេះ នៅតែគ្មានតំណឹងពីចោរស្រីនោះដដែល ។ ខណៈសមត្ថកិច្ចមិនទាន់មានតម្រុយ ពីមុខសញ្ញាចោរហាររយខាងលើនេះផង ស្រាប់តែប៉ុន្មានថ្ងៃមុននេះ បែរជាលេចចេញនៅមុខសញ្ញាថ្មី ដើរប្រព្រឹត្តបទល្មើសថ្មី ត្រូតលើបទល្មើសចាស់។
មុខសញ្ញាថ្មីនេះ ត្រូវគេអះអាងថា ជាមន្ត្រីនគរបាលដែលទើបផ្លាស់ចេញពីអង្គភាពកងរាជអាវុធហត្ថ មកនៅស្នងការខេត្តបាត់ដំបង។ ជននោះ ត្រូវគេស្គាល់ថា ឈ្មោះ វីរៈ មានភារកិច្ចបើកបររថយន្តឲ្យលោក លឹម ពុទ្ធីឡា ស្នងការរង ទទូលផែនព្រហ្មទណ្ឌ នៃស្នងការខេត្តបាត់ដំបង ដែលទើបចូលកាន់តំណែងថ្មី ហើយក៏ជាជំនួនការផ្ទាល់របស់លោកស្នងការរងរូបនេះដែរ។ ប៉ុន្តែនៅក្នុងស្នងការខេត្ត គ្មានមន្ត្រីនគរបាលណាម្នាក់បានស្គាល់ឈ្មោះ វីរៈ នេះថា ជាមន្ត្រីនគរបាលនៅស្នងការខេត្តឡើយ នៅពេលសួរនាំ។

លោកជំនួយការឈ្មោះ វីរៈ នេះ ត្រូវគេនិយាយតៗគ្នាថា បានដើរលុកលុយតាមបណ្ដាទីតាំងល្បែងហ្គេមនានា ដែលជ្រកក្រោមស្លាកអ៊ីនធឺណិត ក្នុងក្រុងបាត់ដំបង ដើម្បីបង្ខំឲ្យម្ចាស់ទីតាំងបង់ប្រាក់សំណូកប្រចាំខែ ដោយអាងខ្នងលោកស្នងការរង។ លោក លឹម ពុទ្ធីឡា បានអះអាងថា ឈ្មោះ វីរៈ បានផ្លាស់ចេញពីអង្គភាពកងរាជអាវុធហត្ថ មកនៅក្របខណ្ឌនគរបាលជាតិ ហើយពេលនេះមានឈ្មោះ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង ដោយមានចំណារពីក្រសួងមហាផ្ទៃ។
លោកលឹម ពុទ្ធីឡា បានប្រាប់ថា ដោយសារឈ្មោះ វីរៈ នេះមិនទាន់មានតួនាទី ទើប មិនទាន់ប្រកាសជាផ្លូវការ តែលោកបានយកមកបើករថយន្ត និង ធ្វើជាជំនួយការលោកសិន។ ពាក់ព័ន្ធនឹងលោកជំនួយការ ដើរចូលតាមទីតាំងល្បែងហ្គេម ដើម្បីបង្គាប់ឲ្យម្ចាស់ បង់ប្រាក់សំណូកប្រចាំខែវិញ លោក ស្នងការរងរូបនេះ បានទទូលស្គាល់ថា ពិតជាមានមែន តែលោកមិនបានឲ្យឈ្មោះ វីរៈ ដើរយកលុយគេទេ គឺ គ្រាន់តែឲ្យស្រង់របាយការណ៏ពីទីតាំងល្មើសទាំងនោះ ដើម្បីងាយស្រូលគ្រប់គ្រងតែប៉ុណ្ណោះ។

មន្ត្រីនគរបាលមួយចំនួនបានរិះគន់ ចំពោះលោកលឹម ពុទ្ធីឡា ដែលបណ្ដែតបណ្ដោយឲ្យជំនួយការរបស់លោកដើរប្រព្រឹត្តបែបនេះ ខណៈឈ្មោះវីរៈ នេះគ្មានតួនាទីច្បាស់លាស់នៅក្នុងស្នងការខេត្ត។ មន្ត្រីនានាបាននិយាយថា រឿងឈ្មោះ វីរៈ នេះ មានឈ្មោះក្នុងក្របខណ្ឌនគបាលជាតិ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនោះ គឺមានតែលោកស្នងការរងរូបនេះម្នាក់ទេដែលដឹង ក្រៅពីនេះគ្មានមន្ត្រីណាម្នាក់បានដឹងទេ។ គេគ្រាន់តែធ្លាប់ដឹងថា ឈ្មោះ វីរៈ នេះ ជាមន្ត្រីកងរាជអាវុធហត្ថ ហើយត្រូវលោកលឹម ពុទ្ធីឡា សណ្ដោងយកមកឲ្យបើករថយន្ត និង ជួយរកសេដ្ឋកិច្ចឲ្យលោកផ្ទាល់តែប៉ុណ្ណោះ។
បើតាមការកត់សម្គាល់ ជុំវិញសកម្មភាពរបស់លោកជំនួយការរូបនេះ គឺបានកើតឡើងស្របពេលដែលបទល្មើសនានា បានផ្ទុះឡើយជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចហាក់កំពុងធ្លាក់ដៃ។ មហាជនបានរិះគន់យ៉ាងពេញទំហឹងនូវទង្វើលោកជំនួយការនោះ ដែលគ្មានភារកិច្ចនិងតួនាទីអ្វីឲ្យច្បាស់លាស់បន្តិចសោះ តែបែរជាដើរធ្វើសកម្មភាព ពាក់ព័ន្ធនឹងបទល្មើសយ៉ាងគគ្លើន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រីដទៃទៀត និង អង្គភាពស្នងការខេត្តទាំងមូល។ គេនៅមិនទាន់ដឹងថា តើលោកស្នងការខេត្ត បានចាត់វិធានទៅលើលោកជំនួយការនោះ បែបណានៅឡើយទេ រហូតដល់ពេលនេះ ?
ចែករំលែកព័តមាននេះ