ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកឃួង ស្រេង ព្រមាន​ដក​ប្រធាន​ផ្សារ និងប្រធាន​​ចំណត​ឡាន​ផ្សារ​ដើ​មគរ បើ​​មិន​សហការគ្នា​​រៀបចំសណ្តាប់ធ្នាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរ​ជើ​ង​ផ្សារ​ដើម​គរ នា​ព្រឹក​ថ្ងៃ​ទី​២៤​ខែ កក្កដា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរ​ជើ​ង​ផ្សារ​ដើម​គរ នា​ព្រឹក​ថ្ងៃ​ទី​២៤​ខែ កក្កដា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ និង​ដក​ប្រធាន​ផ្សារ​ដើ​​មគរ និង​ប្រធាន​​ចំណតរថយន្ត​ផ្សារ​ដើ​មគរ ប្រ​សិន​បើ​ពួក​គាត់​នៅ​តែ​ធ្វើការ​មិន​ចុះសម្រុង​ជាមួយ​គ្នា ដោយ​មិន​សហការ​រៀបរយ​សណ្តាប់​ធ្នាប់​អោយ​បាន​ល្អ ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់​ជា​ពិសេសផ្លូវ​ចេញ​ចូល​តែ​ម្តង ព្រមទាំង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​អាជីវករ​ទៀត​នោះ ។

លោក​ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ប្រធាន​​ចំណតរថយន្ត​ផ្សារ​ដើម​គរ ត្រូវ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ឲ្យ​បាន​ល្អ ​ចៀស​វាង​ការ​ថ្នាំងថ្នាក់ ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អាជីវករ ដូច្នេះ​ទេ​ប្រធាន​ផ្សារ​និង​អ្នកគ្រប់គ្រង​បេនឡាន​ផ្សារ​ដើម​គរ​ត្រូវ​រួម​គ្នា​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ពេល​នេះ​ឲ្យ​បាន​ល្អ​សំខាន់​ត្រូវ​អោយ​មាន​ច្រក​ចេញចូល​ទៅ​ក្នុង​ផ្សារឲ្យ​បាន​​ស្រួល ។ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំង​ពីរ​ប្រឈម​និង​ការ​ដក​តួនាទី​ចេញពី​ការងារ​នេះ​តែ​ម្តង​។

មុន​ចាប់ផ្ដើម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ខាងលើនេះ លោក​ឃួ​ង ស្រេ បាន​ចូល​ទៅ​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​នៅ​ក្នុង​ផ្សារ​ដើម​គរ ហើយ
ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ ស្នើ​សុំ​និង​សំណូមពរ​អោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ បើកផ្លូវ​ចេញ​ចូល​ផ្សារ ខណៈ​ដែរ​​ចំណត​រថយន្ត​បាន​យក​​រថយន្ត​មក​ចត​បាំង​ផ្លូវ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ ចេញចូល​បាន ។ ផ្ដើម​ចេញពី​បញ្ហា​នេះ​ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ព្រមាន​ដក​ប្រធាន​ផ្សារ​និង​ប្រធាន​បេន​ផ្សារ​ដើម​គរ ដោយ​លោក​បញ្ជាក់​ថា បើធ្វើ​​ការ​ងារ​មិន​​ត្រូវ​គ្នា​ទេ បើ​ដក​គឺ​ដក​ទាំង​ពីរ​នាក់​តែ​ម្តង ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​ទល់មុខ​ផ្សារ​ដើម​គរ​នេះ ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​សាងសង់​ស្ពាន អាកាស​ថ្មើរជើង​ចំនួន​២៧​ទីតាំង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​អោយ​មានការ​សាងសង់​តាម​លិខិត​លេខ ៨៩១ ស​ជ​ណ​.​ម​យ ចុះ​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ទីស្តីការ​គណៈ រដ្ឋមន្ត្រី ហើយ​ស្ពាន​អាកាស​ថ្មើរជើង​នេះ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ជំនាញ ដោយ​ប្រើប្រាស់ ការ​សាងសង់​រយៈពេល ៧ ខែ ដែល​ចាប់ផ្តើម​សាងសង់​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ និង សាងសង់​រួចរាល់​ជា​ស្ថាពរ នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២០ ។

លោក​បន្ត​ថា ស្ពាន​អាកាស​នេះ បណ្ដោយ​ស្ពាន​មាន ប្រវែង ២៨ ម៉ែត្រ ទទឹង​ស្ពាន​មាន​ប្រវែង ៣.៤ ម៉ែត្រ ទទឹង​ផ្លូវ​ដើរ​មាន​ប្រវែង ២.៨ ម៉ែត្រ កំពស់​ពី​ផ្លូវ​មក​បាត់​ស្ពាន ៥.៥០ ម៉ែត្រ កំពស់​ពី​កម្រាល​ដើរ​ដល់​ពិ​ដាន​ដំបូល ៣ កញ្ចក់​ស្រោប​ម៉ី​ណុ​ក .៥០ ម៉ែត្រ កំពស់​បង្កាន់ដៃ ១.២០ ម៉ែត្រ ធ្វើ​អំពី ព្រមទាំង​រៀបចំ និង​បំពាក់​កញ្ចក់​ដាក់ ភ្លើង​បំភ្លឺ​នៅ​លើ​ស្ពាន និង​ក្រោម​ស្ពាន កម្រាល​ថ្មើរជើង​ធ្វើ​អំពី​បេតុង​គ្រោង​ដែក​ក្រាល​ដោយ​ថ្ម​ក្រា​នី​ត ។

លោក សាំ ពិសិដ្ឋ បានអោយ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​នេះ ការដ្ឋាន​ថ្មី​មួយទៀត និង​កំពង់​សាងសង់ គឺ​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​សន្ធរ​ម៉ុ​ក ទល់មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក ស្ថិត ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​គិត​មក​ដល់​ពេល​នេះ​សម្រេច​បាន ២០% និង​មាន​ផែនការ​បន្ត​ការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​បន្តបន្ទាប់​ចំនួន ២៥​ទីតាំង​ទៀត ដែល​បាន កំណត់​ក្នុង​លិខិត​លេខ ៨៤១ ស​ជ​ណ​.​មួយ ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ របស់​ទីស្ដីការ គណៈរដ្ឋមន្ត្រី ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរ​ជើ​ង​ផ្សារ​ដើម​គរ​នេះ​ត្រូវ​បាន​សាងសង់​ឡើ​ង​ដោយ​ក្រុមហ៊ុន​​មានបទពិសោធន៍ និង​ស្នា​ដៃ​ស្ថាបនា​ស្ពាន​តែ​ម្តង ហើយ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ការ​សាងសង់​ស្ពាន​អាកាស​ថ្មើររ​ជើង​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ។

គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៦​កន្លែង​ហើយ គឺ​ស្ពាន​អាកាស​ថ្មើ​រ​ជើង​នៅ​តំបន់​សាលា​ជម្ពូ​វ​ន្ត័​ចំនួន​២ រង្វង់​មូល​នាង​គ​ង្ហី​ង​១ ស្ពាន​អាកាស​ថ្មើ​រ​ជើ​ង​នៅ​ផ្សារ​ដើ​មគរ​ដែល​ដាក់​អោយ​ដំណើ​រការ​ក្នុង​ពេល​នេះ​១ និង ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​សន្ធរ​ម៉ុ​ក ទល់មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​ដែល​កំពុង​ដំណើរការ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ