រាជធានីភ្នំពេញ ៖ មេឃបានធ្លាក់ភ្លៀង១មេយ៉ាងធំ ហើយក៏មានលាយឡំដោយខ្យល់បក់បោកយ៉ាងខ្លាំងផងដែរនោះ បានបណ្ដាលឲ្យរបងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបាក់ដួលរលំប្រវែងប្រហែល១០០ម៉ែត្រ ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងគ្រោះធម្មជាតិខាងលើនោះឡើយ ព្រោះតែភ្លៀងនៅពេលយប់ ពុំមានមនុស្សជ្រក ឬស្ថិតនៅក្បែររបងនោះដូចជានៅពេលថ្ងៃនោះទេ ហើយរបងថ្មនេះក៏បានសាងសង់មកយូឆ្នាំមកហើយដែរ និងមានគ្រឹះមិនសូវមាំប៉ុន្មានឡើយទើបត្រូវកម្លាំងខ្យល់បក់បណ្ដាលឲ្យដួលរលំបែបនេះតែម្ដង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកភូមិបានឱ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុខាងលើ មេឃបានធ្លាក់ភ្លៀង១មេធំ ស្របពេលនោះដែរក៏មានខ្យល់បក់បោកយ៉ាងខ្លាំងគួរឲ្យខ្លាចផងដែរ អស់រយៈពេលជាង១ម៉ោងទើបរាំងទៅវិញ ហើយមុនពេលភ្លៀង របងនោះមានសភាពជាធម្មតា មិនមានបញ្ហាអ្វីនោះទេ ។ លុះក្រោយពេលរាំងភ្លៀង ទើបឃើញបាក់ដួលរលំជាច្រើនប្រលោះដែលតាមការប៉ាន់ស្មានមានប្រវែងប្រហែល១០០ម៉ែត្រ ប៉ុន្តែមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់របួស ឬបាត់បង់ជីវិតឡើយ។

តាមប្រភពដដែលបានបន្តទៀតថា របងថ្មសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងនេះបានសាងសង់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមើលទៅហាក់មិនសូវមានគ្រឹះរឹងមាំប៉ុន្មានឡើយ ទើបត្រូវភ្លៀងខ្យល់បក់បោក បណ្ដាលឲ្យបាក់ដួលរលំបែបនេះ ។ម្យ៉ាងទៀតដោយសារតែហេតុការណ៍នោះកើតឡើងនៅពេលយប់ ទើបពុំមានគ្រោះថ្នាក់ដល់មនុស្ស ប្រសិនបើនៅពេលថ្ងៃវិញអាចនិងមានមនុស្សគ្រោះថ្នាក់ជាក់ជាមិនខានឡើយ៕ (កែសម្រួលដោយ ៖ ធីតា)




ចែករំលែកព័តមាននេះ